មន្ត្រីរដ្ឋបាលព្រៃឈើដុងក្រឡ នឹងបញ្ជូនសំណុំរឿងចាប់គ្រឿងចក្រ ឈូសឆាយដីរាប់សិបហិចតា ទៅតុលាការខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ នៃផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង នឹងបញ្ជូនសំណុំរឿងចាប់គ្រឿងចក្រ ឈូសឆាយដីរាប់សិបហិចតា នៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ទៅតុលាការខេត្តស្ទឹងត្រែង ក្រោយពីបញ្ចប់ការកសាងសំណុំរឿងរួច ដើម្បីបន្តនីតិវិធីពីការឈូសឆាយដីព្រៃល្មើសច្បាប់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ នៅថ្ងៃទី១៩មិថុនា២០២៣នេះ។

ជុំវិញការចាប់គ្រឿងចក្រ និងការឈូសឆាយដីរាប់សិបហិចតានេះ អភិបាលស្រុកបុរីអូរស្វាយសែនជ័យ លោក លី មីនា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ទីតាំងដីខាងលើម្ចាស់ដីគេមានឯកសារទិញតាំងពីមុនឆ្នាំបង្កើតជាស្រុកបុរីអូរស្វាយសែនជ័យ មកម្ល៉េះ មានទាំងផលដំណាំស្វាយចន្ទីអាយុ ៥ឆ្នាំ ថែមទៀតផង។ ប៉ុន្តែ នៅដីព្រៃខ្លះនៅបន្តសម្អាត ក៏ត្រូវសមត្ថកិច្ចចាប់គ្រឿងចក្រតែម្តងទៅ។ លោកអភិបាលស្រុក បានបញ្ជាក់ថា ស្រុកបុរីអូរស្វាយសែនជ័យ បានបង្កើតឡើងជាផ្លូវការ នៅក្នុងឆ្នាំ២០១៩។

បើតាមព័ត៌មានក្នុងស្រុកមួយ បានចេញផ្សាយថ្ងៃទី១៨មិថុនា២០២៣ ថា ផ្ទៃដីរដ្ឋរាប់រយរាប់ពាន់ហិកតា ដែលស្ថិតនៅក្នុងភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ត្រូវបានទន្ទ្រានចាប់យក តាមរយៈការប្រើប្រាស់កម្លាំងប្រជាពលរដ្ឋ រួចត្រូវបានប្រមូលទិញដោយអ្នកមានលុយ។

នៅក្នុងសំនេរបានបន្តថា ផ្ទៃដីរដ្ឋរាប់រយរាប់ពាន់ហិកតានោះ ត្រូវបានប្រជាពលរដ្ឋកាប់ទន្ទ្រានយកលក់ទៅឲ្យបុគ្គល ឈ្មោះ ភារៈ ដោយមិនដឹងថា លោក ភារៈ នោះមានមុខងារជាអ្វីនោះទេ តែមានលុយប្រមូលទិញដីរដ្ឋរាប់រយរាប់ពាន់ហិកតា កាយប្រវ៉ាត់ព្រំដី ជីកស្រះ និងធ្វើផ្ទះលំហែរជាហូរហែរ ថែមទៀតផង។

នៅពេលថ្មីៗនេះ គឺនៅថ្ងៃទី១២មិថុនា២០២៣ ដោយបន្តការសម្អាតដីដែលបានទិញរួច ម្ចាស់ដីក៏បានជួលគ្រឿងចក្រ (អាអ៊ិច) ទៅគាស់កាយលើផ្ទៃដីព្រៃនោះ ហើយក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកបុរីអូរស្វាយសែនជ័យ ចុះចាប់នាំយកទៅប្រគល់ឲ្យសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ និងពេលនេះគ្រឿងចក្រនោះ ត្រូវបាននាំយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នោះហើយ។

មន្ត្រីរដ្ឋបាលព្រៃឈើបានបញ្ជាក់ថា សំណុំរឿងចាប់គ្រឿងចក្រឈូសឆាយដីព្រៃនេះ នឹត្រូវបញ្ជូនទៅតុលាការខេត្ត ដើម្បីបន្តនីតិវិធីពីការឈូសឆាយដីព្រៃល្មើសច្បាប់៕ដោយ៖ឡុង សំបូរ