សមត្ថកិច្ចខេត្តព្រះវិហារ ចុះបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង និងរឹបអូសឈើជ្រុងបានជាង ៣០ដុំ នៅក្នុងស្រុកជាំក្សាន្ត

0

ខេត្តព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ក្រោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី កង សៅគុណ រួចមក បានសហការជាមួយ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត នៃផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ចុះបង្ក្រាបរថយន្តកាមរីកែច្នៃមួយគ្រឿង ដឹកជញ្ជូនឈើជ្រុងណែនពេញ ដោយគ្មានច្បាប់អនុញ្ញាត។

ប្រតិបត្តិការរួមគ្នា រវាងកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការកងរាជអាវុធហត្ថស្រុកជាំក្សាន្ត និងមន្ត្រីជំនាញ នៃសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បានធ្វើឡើងកាលពីថ្ងៃសុក្រទី១៧មិថុនា២០២៣ ចុងសប្តាហ៍មុននេះ ស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សេចក្តីរាយការបានបង្ហាញឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបរថយន្តដឹកឈើមួយគ្រឿងក្នុងពេលនោះ គឺកម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត បានអនុវត្តក្រោយទទួលបានបទបញ្ជាពី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ។

លទ្ធផលនៅក្នុងប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានឈានទៅបង្ក្រាបរថយន្តកាមរីកែច្នៃមួយគ្រឿង ពាក់ស្លាកលេខ កណ្ដាល 2A-0625 ពណ៌ទឹកប្រាក់ ផ្ទុកឈើពេញប្រៀប និងដកហូតបានឈើសុក្រមចំនួន ៣៥ដុំ ស្មើ ១,៧៤៥ម៉ែត្រគូបត្រីគុណ។

ក្រោយការបង្ក្រាប និងរឹបអូសរួចមក វត្ថុតាងរថយន្តកាមរីកែច្នៃ ១គ្រឿង រួមទាំងឈើសុក្រម ៣៥ដុំ ត្រូវបាននាំយកទៅរក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ដើម្បីចាត់ការតាមច្បាប់។ ចំណែក ម្ចាស់រថយន្តដឹកឈើបានរត់គេចខ្លួន ដោយសុវត្ថិភាព៕ដោយ៖ឡុង សំបូរ