អភិបាលស្រុកស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានអញ្ជើញចេញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

0

(កំពង់)÷ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំងព្រះមន្ត្រីសង្ឃស្រុកស្ទោង បានអញ្ជើញនិមន្តសម្ពោធ ដាក់ឲ្យប្រើប្រាស់ខ្លោងទ្វារវត្ត មុនីបញ្ញា ហៅវត្តចំបក់បញ្ញា ស្ថិតនៅក្នុងភូមិបវែង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងនៅចំពោះមុខញាតិញោមពុទ្ធបរិស័ទប្រជាពលរដ្ឋ នៅក្នុងឱកាសនេះលោក សាយ គឹមឡម បានអំពាវនាវដល់ញាតិញោមពុទ្ធបរិស័ទប្រជាពលរដ្ឋគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីឈ្មោបោះឆ្នោត ត្រូវត្រៀមលក្ខណ: និងអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះ។

ជាមួយនេះផងដែរលោក សាយ គឹមឡម បានបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព ព្រមទាំងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះក៏បានជួយលើកម្ពស់វិស័យពុទ្ធសាសនា និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋសូមជួយថែរក្សាសុខសន្តិភាពនេះឲ្យបាននៅជាអមតៈ។

លើសពីនេះលោកអភិបាលស្រុកស្ទោង ក៏បានណែនាំ ដល់អាជ្ញាធរភូមិ/ឃុំ និងអ្នកជំនាញពាក់ព័ន្ធសូមធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រឲ្យបានត្រឹមត្រូវតាមស្ថានភាពជាក់ស្ដែង ហើយត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែមទៀត ដល់សុខុមាលភាព ជីវភាពរស់នៅជាក់ស្ដែងរបស់បងប្អូនប្រជាពលរដ្ឋ។

លើសពីនេះទៀតលោក សាយ គឹមឡម បានណែនាំដល់កូនក្មួយ ប្អូនៗ សិស្សានុសិស្ស យុវវ័យ សូមនាំគ្នាខិតខំសិក្សារៀនសូត្រដើម្បីអនាគតត្រចះត្រចង់ ត្រូវរក្សាខ្លួនឲ្យឆ្ងាយពីគ្រឿងញៀន កុំប្រើប្រាស់ ឬជួញដូរ ជាពិសេសត្រូវពាក់មួកសុវត្ថិភាពនៅពេលបើកបរម៉ូតូ ហើយគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន។

ជាមួយនេះលោកអភិបាលស្រុកស្ទោង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ញាតិញោមពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយ ដែលបានលះបង់កម្លាំងកាយចិត្ត បច្ច័យ ធនធាន ក្នុងការរួមសហការសាមគ្គីគ្នាកសាងខ្លោងទ្វារទុកក្នុងកំណប់ទ្រព្យវិស័យពុទ្ធសាសនាជាមួយគ្នាតទៅ។

គួរបញ្ជាក់ផងដែរថា ខ្លោងទ្វារនេះមានទំហំ ទទឹង ០៦ម៉ែត្រ កំពស់១៦ម៉ែត្រ ដែលសាងសង់អស់ទឹកប្រាក់សរុប ៨០.១៥០.៩០០រៀល ក្នុងឱកាសនេះដែរលោកសាយ គឹមឡម និងសហការី ព្រមទាំងញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តនិង ព្រះមន្ត្រីសង្ឃស្រុកស្ទោង បានចូលរួមបុណ្យនូវ បច្ច័យចំនួន ១១,៤២៧,៧០០រៀលនិងបានឧបត្ថម្ភដល់លោកតាលោកយាយ១៣០នាក់ ១នាក់ទទួលបាននូវក្រមា១ លោកគ្រូអ្នកគ្រូ០៨នាក់ ១នាក់ទទួលបាននូវទឹកប្រាក់១០.០០០រៀល និងសិស្សានុសិស្ស១០០នាក់ ដោយ១នាក់ទទួលបាននូវសៀវភៅ១ក្បាល ប៊ិច១ដើម និងថវិកា១,០០០៛ រៀលផងដែរ។