សមាជិកសមាជិកាចំនួន៤៨២នាក់ ត្រៀមខ្លួនជាស្រេចទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ឃួន សុវណ្ណ អនុប្រធានទី១ ក្រុមការងារចុះជួយឃុំឈូក ឯកឧត្តម ហែម សីហា ទីប្រឹក្សាក្រសួងព័ត៌មាន ជាអនុប្រធានក្រុមការងារចុះជួយឃុំឈូក ក្រុមការងារមន្ទីរព័ត៌មានខេត្តកំពង់ធំ និងក្រុមការងារគណបក្សចុះជួយភូមិប្រាសាទ បានជួបសំណេះសំណាល និងនាំយកអំណោយជាសារ៉ុងចំនួន៤៨២សារ៉ុង ប្រគល់ជូនដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋចំនួន៤៨២នាក់ មាន៥៩ក្រុម ស្ថិតនៅភូមិប្រាសាទ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីប្រុងប្រៀបរៀបចំឱ្យបានមុនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅពេលខាងមុខនេះ។

លោក ហួយ គឹមលី មេឃុំឈូកបានឡើងរាយការណ៍អំពីសភាពការណ៍ទូទៅមួយចំនួននៅក្នុងឃុំ ពិសេសការគ្រប់គ្រងកសាងពង្រឹង និងពង្រីកសមាជិកគណបក្សថ្មី នៅក្នុងចំណោមប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅក្នុងឃុំ  និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ឃួន សុវណ្ណ អនុប្រធានទី១ ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយឃុំឈូក តែងតែយកចិត្តទុកដាក់ជួយដោះស្រាយគ្រប់បែបយ៉ាងជូនសមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងឃុំ ដែលមានបញ្ហាលំបាកខ្វះខាត ។

ឯកឧត្តម ហែម សីហា ទីប្រឹក្សាក្រសួងព័ត៌មាន ជាអនុប្រធានក្រុមការងារចុះជួយឃុំឈូក បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមការងាររបស់គណបក្ស និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃគណបក្សឃុំ សាខាបក្សភូមិ ដែលតែងតែបានសហការគ្នាល្អ ក្នុងការបំពេញភារកិច្ចបម្រើប្រជាជន និងសមាជិកគណបក្សនៅតាមមូលដ្ឋាននានានៅក្នុងភូមិ/ឃុំទាំងមូល ដើម្បីទទួលបានសំឡេងគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យនាពេលខាងមុខនេះ។

ឯកឧត្តមបណ្ឌិត ឃួន សុវណ្ណ បានណែនាំនូវផែនការចាំបាច់មួយចំនួនតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងកម្មវិធីការងាររបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដែលត្រូវអនុវត្តតាមដំណាក់កាលនីមួយៗ ចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោតឱ្យទទួលបានជោគជ័យ ។ សូមសំណូមពរដល់ក្រុមការងារចុះមូលដ្ឋានឃុំភូមិ រួមជាមួយគណបក្សឃុំ សាខាបក្សភូមិ ត្រូវរួមសាមគ្គីភាពឯកភាពគ្នាខ្ពស់ បន្តទៅបម្រើប្រជាជន ដោះស្រាយនូវរាល់សំណូមពរ បញ្ហាប្រឈម និងកង្វល់នានារបស់ប្រជាជនយើង ឱ្យទាន់ពេលវេលា។

ឯកឧត្តមបណ្ឌិត ឃួន សុវណ្ណ អនុប្រធានទី១ ក្រុមការងារចុះជួយឃុំឈូក បានក្រើនរំលឹកដល់ក្រុមការងារ រួមជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ ត្រូវត្រួតពិនិត្យសមាជិកបក្សដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ឬមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព មិនអាចទៅបោះឆ្នោតបាន  ដើម្បីបំពេញឯកសារជំនួសឲ្យអត្តសញ្ញាណប័ណ្ណ ធានាឱ្យសមាជិកបក្ស ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣  ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។