រដ្ឋបាលសាលាឃុំសាលាវិស័យ និងសហគមន៍ព្រៃឈើទាំង៣ ត្រៀមរៀបចំកន្លែងលេងកម្សាន្តបន្ថែមទៀត ដើម្បីឱ្យភ្ញៀវជាតិ អន្តរជាតិមកកម្សាន្តកាន់មានសោភ័ណ្ឌភាពបែបលក្ខណៈធម្មជាតិពិតៗ

0

(កំពង់ធំ÷ សហគមន៍ព្រៃឈើ ត្រពាំងក្បាលខ្មោច សហគមន៍ ព្រៃឈើអូរពោងរោង និងសហគមន៍ព្រៃឈើ អូរខ្លាដេក អាជ្ញាធរត្រៀមរៀបចំកន្លែងលេងកម្សាន្តបន្ថែមទៀតដើម្បីឱ្យភ្ញៀវជាតិ អន្តរជាតិមកកម្សាន្តកាន់មានសោភ័ណ្ឌភាពជឿជាក់ និងមានលក្ខណៈបែបធម្មជាតិពិតៗផងដែរ។

លោក ជី ជុំ ប្រធានសហគមន៍អូរខ្លាដេក បានឱ្យដឹងថា ផ្ទៃដីសហគមន៍របស់លោកដែលគ្រប់គ្រងមានទំហំ៣៣៨ ហិចតា ហើយប្រភេទជីវៈចម្រុះក៏ដូចជាដើមឈើ មានច្រើនប្រភេទលើកលែងតែប្រភេទដើមក្រញូង ធ្នុង ដែលគ្មាន ប្រភេទវល្លិ មានដូចជា វល្លិគុយ វល្លិរមៀត វល្លិ៍ដាប់ចង្កេ តែប្រភេទផ្លែឈើព្រៃមាន ផ្លែគុយ ផ្លែរំដួល ផ្លែដាប់ចង្អេរ ផ្លែតាមួង ផ្លែព្រីង និងមានផ្សិតចម្រុះជាច្រើននៅក្នុងព្រៃសហគមន៍នេះ។

លោកប្រធានបានបន្តទៀតថា ក្នុងព្រៃសហគមន៍របស់លោក គឺបានផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋជាច្រើន ដូចជា កាប់កូនឈើយកទៅធ្វើទ្រុងមាន់ ទ្រុងទា ទ្រុងគោ ទុ្រងក្របី សាងសង់លំដៅដ្ឋាន និងប្រជាពលរដ្ឋអាចប្រមូលផល អនុផលព្រៃឈើចម្រុះបាននៅក្នុងព្រៃសហគមន៍នេះ។

លោក ឆាន់ វង្ស ជាប្រធានតំបន់លំហែកំសាន្តអូខ្លាដេកបានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះក្នុងព្រៃសហគមន៍បានបង្កើតតំបន់ទេសចរណ៍បែបធម្មជាតិ ដែលជាវិស័យអេកូទេសចរណ៍ ដ៏សំខាន់នៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលមានចម្ងាយពីទីរួមខេត្ត ១៦គីឡូម៉ែត្រ បត់ឆ្វេងដៃចូលតាមផ្លូវក្រាលគ្រួសក្រហមត្រង់ ប្រវែង០៦គីឡូម៉ែត្រ ។ ហើយតំបន់លំហែអូរខ្លះដេកនេះមានដូចជា ជិះទូកលេងកម្សាន្ត ជិះក្ងាន ជិះក្បូន អង្គុយស្ទូចត្រី ស្ដាប់សត្វយំ ដើរកម្សាន្តក្នុងព្រៃ ផ្ទះសំណាក់ កញ្ចុះ និងមានមុខម្ហូបប្រចាំសហគមន៍សម្រាប់ទទួលភ្ញៀវជាតិ អន្តរជាតិជាច្រើនប្រភេទផងដែរ។
លោកបានបន្តថា ភ្ញៀវជាតិ អន្តរជាតិដែលមកកម្សាន្តនៅទីនេះសូមឱ្យចូលរួមថែរក្សាបរិស្ថានបានល្អប្រសើរ ចំណែកអ្នកលក់វិញនោះក៏ដូចដូច្នោះដែរ ម្យ៉ាងទៀតសូមចូលរួមថែរក្សានៅជីវៈចម្រុះនៅទីនេះ ការពារព្រៃឈើដើម្បីរក្សាឱ្យបានគង់វង្សយូរអង្វែង ។

ទន្ទឹមនោះដែរលោក ជិន ហ៊ីន មេឃុំសាលាវិស័យបានឱ្យដឹងថា រដ្ឋបាលសាលាឃុំ និងសហគមន៍ព្រៃឈើ គណៈកម្មការសហគមន៍ និងប្រជាពលរដ្ឋ បានសហការមូលមតិគ្នា រៀបចំយុទ្ធសាស្ត្រថ្មីៗ បន្ថែមទៀត ក្នុងការរៀបចំតំបន់លំហែកម្សាន្ត នៅតំបន់សហគមន៍អូរខ្លាដេកនេះ។

លោកមេឃុំបានបន្តទៀតថា យុទ្ធសាស្ត្រថ្មីៗចុងក្រោយនេះ គឺយើងកែលម្អតំបន់ឆ្នេរ មាត់ស្ទឹងឱ្យក្លាយទៅជាតំបន់មួយមានសោភ័ណភាព មានខ្សាច់ ទឹកថ្លាជាងមុន អាចឱ្យភ្ញៀវជាតិ អន្តរជាតិចុះលេងកម្សាន្តបានងាយស្រួលជាងនេះ ។

លោក ជិន ហ៊ីន បានបន្ថែមទៀតថា កន្លងមករដ្ឋបាលឃុំក៏ដូចជាសហគមន៍បានរៀបចំ តំបន់អេកូទេសចរណ៍ មានលក្ខណៈជាតំបន់លំហែកំសាន្ត មានចំនួន៣ សហគមន៍ទី១ កម្សាន្តតំបនតំបន់ស្ទឹងអន្លង់ស្មាច់ សហគមន៍ព្រៃឈើត្រពាំងក្បាលខ្មោច ស្ថិតនៅក្នុងភូមិពាំងក្រោល។ ទី២ កម្សាន្តអូរពោងរោង ក្នុងសហគមន៍ ព្រៃឈើអូរពោងរោង ស្ថិតក្នុងភូមិឬស្សីដួច។ និងទី៣ កម្សាន្តអូរខ្លាដេក សហគមន៍ព្រៃឈើអូរខ្លាដេក ស្ថិតនៅក្នុងភូមិបុស្សវែង ។ កន្លងមកព្រៃសហគមន៍ខាងលើនេះមានការទាក់ទាញឱ្យភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិមកកម្សាន្តយ៉ាងច្រើនកោះករ ដោយឡែកតំបន់អូរខ្លាដេកនេះ នៅខ្វះចំណុចជាច្រើន ដូចជាបរិស្ថាន ទីធ្លា ទីតាំងមិនទាន់មានសុវត្ថិភាពល្អនៅឡើយ មិនទាន់មានការគាំទ្រខ្លាំងនោះឡើយ ទោះបីជាមានដៃគូអង្គការ គាំទ្រ ក៏ប៉ុន្តែក្នុងនាមរដ្ឋបាលឃុំសាលាវិស័យ ផ្តួចចផ្ដើមនៅគំនិតបន្ថែមទៀត ដើម្បីកែលម្អតំបន់មួយនេះឱ្យល្អប្រសើរជាមុន។ ថ្ងៃអនាគតសហគមន៍ទាំង៣ខាងលើនេះអាចមានភាពទាក់ទាញខ្លាំងជាងបច្ចុប្បន្ននេះ ។ ទី១តំបន់កែច្នៃតំបន់ឆ្នេរ តំបន់ខ្សាច់ ឱ្យវាមានលំហរធំជាងមុនទឹករាក់ទឹកថ្លា ខ្សាច់ល្អ ម្យ៉ាងទៀត យើងរៀបចំកញ្ចុះ សួនផ្កា ផ្សារឱ្យមានរបៀបរៀបរយ ។ ទី២ យើងរៀបចំឱ្យមានប្រព័ន្ធទឹករំដោះទឹកវិល យើងបែងចែកតាមព្រែកនីមួយៗឱ្យក្លាយទៅជាកោះ ។ ទី៣រៀបចំឱ្យមានបរិស្ថានល្អ មានបង្គន់អនាម័យ មានអាងស្តុបទឹកសម្រាប់លាងខ្លួន ។ និងទី៤ការបង្កើតផ្លូវបន្ថែមទៀត បង្កើតតារាងបាល់ទាត់ ទាល់បាល់ទះ តារាងបេតុង និងបង្កើតតំបន់បោះតង់សម្រាកបន្ថែមទៀត នៅចំណុចដីវាលស្មៅ ដែលមានទំហំដី០៥ហិចតា អាចឱ្យភ្ញៀវជាតិ អន្តរជាតិមកកម្សាន្តយ៉ាងច្រើនកុះករ ។

ជាចុងក្រោយលោកមេឃុំបានសំណូមពរ ក៏ដូចជាអំពាវនាវឱ្យភ្ញៀវជាតិ អន្តរជាតិ ជាពិសេសសមាជិកសហគមន៍ទាំងអស់ចូលរួមការពារព្រៃឈើនៅទីនេះឱ្យបានគង់វង្សយូរអង្វែង ។ លោកមេឃុំបានបញ្ជាក់ថា រដ្ឋបាលសាលាឃុំ និងរៀបចំគណៈកម្មការគ្រប់គ្រងឱ្យបានច្បាស់លាស់បន្ថែមទៀត ក្នុងការលក់ដូរ នៅក្នុងតំបន់លំហែរទាំងអស់នេះ ឱ្យលក់ដូរក្នុងតាមតម្លៃទីផ្សារ ឱ្យមានគុណភាព សុវត្ថិភាព អនាម័យល្អ សម្រាប់ភ្ញៀវទិញយកទៅទទួលទាន ចំណីអាហារមានរសជាតិឆ្ងាយៗ លេងកម្សាន្តរីករាយ និងទទួលទិញរបស់របរ នៅក្នុងសហគមន៍ខាងលើនេះ ៕