ឥណ្ឌាប្រារព្ធទិវាកីឡាយោគៈអន្តរជាតិលើកទី៩ នៅក្នុងរមណីយដ្ឋានអង្គរ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយយុទ្ឋនាការទស្សនាកម្ពុជាឆ្នាំ២០២៣ ដោយមានអ្នកចូលរួមប្រមាណជា៥០០នាក់

0

សៀមរាប៖ ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្រោមកិច្ចគាំទ្រនិងសហការពី រដ្ឋបាលខេត្តសៀមរាប និង អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំព្រឹត្តិការណ៍ ទិវាយោគៈអន្តរជាតិលើកទី៩” នៅទីលានជល់ដំរី នៃបរិវេណអង្គរធំក្នុងខេត្តសៀមរាប ក្រោមវត្តមានចូលរួមរបស់លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ,ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការ តំណាង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និង លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណ ៥០០នាក់ ដើម្បីជម្រុញការផ្សព្វផ្សាយយុទ្ឋនាការទស្សនាកម្ពុជាឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីហ្វឹកហាត់ផ្នែកផ្លូវកាយនិងផ្លូវចិត្តតាមបែបបុរាណ ហើយក៍ជាការចូលរួមចំណែកលើកស្ទួយនូវសារសន្តិភាពពិភពលោក ស្របតាមគោលការណ៍របស់ឥណ្ឌា និងពិភពលោកគឺជាគ្រួសារតែមួយ ។
លោក ពិន ប្រាកដ បានចាត់ទុកថា ការរៀបចំឱ្យមានព្រិត្តិការណ៍នេះឡើង គឺជាការចូលរួមចំណែក ដើម្បីផ្សព្វផ្សាយចេញពីតំបន់អង្គររបស់យើងទៅកាន់ពិភពលោក ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាខេត្តសៀមរាបយើង ពីព្រោះថាសៀមរាបជាតំបន់គោលដៅទេសចរណ៍លំដាប់ពិភពលោក ហើយវិស័យទេសចរណ៍នៅកម្ពុជាគឺជាកត្តាជម្រុញ ដ៏សំខាន់មួយ ក្នុងចំណោមកត្តាជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែលបានបន្តរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ។ បើទោះបីជាកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញ និង បន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរមុនគេ ក្នុងចំណោមប្រទេសសមាជិកជាអាស៊ាន ។ លោកជឿជាក់ថា ព្រឹត្តិការណ៍បែបនេះ នឹងបន្តប្រារព្វធ្វើជារៀងរាល់ឆ្នាំនៅលើទឹកដីអង្គរជាបន្តទៀត ។
ឯកឧត្តម គុជ បញ្ញាសា មានប្រសាសន៍ថាកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននាំមកនូវសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការគ្រប់គ្រងជម្ងឺកូវិដ-១៩ ដោយជោគជ័យ ដែលជាគន្លិះក្នុងការបើកប្រទេស និងស្តារសេដ្ឋកិច្ចឡើងវិញតាំងពីចុងឆ្នាំ២០២១ ។ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរណ៍អន្តរជាតិចំនួន ១លាន៧២១ពាន់៦៦៨នាក់ កើនឡើង៦១៣%, ក្នុងនោះមាន ទេសចរណ៍ឥណ្ឌាចំនួន ២២ពាន១០៣នាក់ កើនឡើង៦៣០%។ នៅឆ្នាំ២០២៣ កម្ពុជានឹងទទួលបានទេសចរណ៍អន្តរជាតិ និងទេសចរណ៍ក្នុងស្រុកចំនួន ១៩លាននាក់ ដែលនឹងនាំមកនូវចំណូលជាតិប្រមាណជា ៤ពាន់លានដុល្លាអាមេរិក ។ ឯកឧត្តម បញ្ជាក់ទៀតថា ទិវាយោគៈអន្តរជាតិ ត្រូវប្រារព្ធធ្វើឡើងជាលើកដំបូងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ ដែលមានអ្នកចូលរួមរាប់លាននាក់នៅទូទាំងពិភពលោក ហើយទិវានេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទផ្សេងៗគ្នា ប្រធានបទឆ្នាំនេះគឺមនុស្សជាតិ ក៏ដូចជាដើម្បីជម្រុញការផ្សព្វផ្សាយយុទ្ឋនាការទស្សនាកម្ពុជាឆ្នាំ២០២៣ ផងដែរ ។
លោកជំទាវបណ្ឌិត Devyani Khobragade មានប្រសាសន៍លើកឡើងផងដែរថា យោគៈនេះ មានដើមកំណើតនៅប្រទេសឥណ្ឌា ហើយពាក្យថា “យោគៈមកពីពាក្យសំស្ក្រឹត មានន័យថាចូលរួមឬរួបរួម ដែលតំណាងឲ្យការសំយោគគ្នា រវាងចិត្ត កាយ គំនិត និងសកម្មភាព ការអត់ធ្មត់ និងការពេញចិត្ត ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ ដែលជាវិធីសាស្ត្រដ៏បរិសុទ្ធចំពោះសុខភាព និងសុខុមាលភាព ជាពិសេសជាងនេះទៅទៀតនោះ យោគៈ គឺលើកស្ទួយនូវសារសន្តិភាព ក្នុងពិភពលោកស្របតាមគោលការណ៍របស់ឥណ្ឌា ហៅថា “ពិភពលោកគឺជាគ្រួសារតែមួយ” ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥មក ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា តែងតែសហការរៀបចំព្រឹត្តិការណ៍ “ទិវាយោគៈអន្តរជាតិ The International Day of Yoga” នៅកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ បានរៀបចំនៅ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ទទួលបានជោគជ័យយ៉ាងធំធេងរួចមកហើយនៅគ្រប់គោលដៅទេសចរណ៍ដ៏ពេញនិយមនោះ៕