(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២២ ខែ មិថុនា ឆ្នាំ ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំសង្កាត់មានសុវត្ថិភាព និងបំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន១៥ នាក់ នៅភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា គោលនយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល គឺដើម្បីធ្វើឲ្យភូមិ.ឃុំ របស់យើងមានសុខសន្តិភាព គ្មានអំពើលួច ឆក់ប្លន់ គ្មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានការលេងល្បែងស៊ីសងខុសច្បាប់ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានក្មេងទំនើង គ្មានការប្រើអំពើហិង្សាក្នុងគ្រួសារ និងការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីភាគីទាំងសងខាងឈ្នះទាំងអស់គ្នា គ្មានអ្នកឈ្នះ និងគ្មានអ្នកចាញ់។ ដូច្នេះសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ.ឃុំ.សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុច ដើម្បីភាពសុខសាន្តរបស់យើងទាំងអស់គ្នានៅក្នុងមូលដ្ឋានផងដែរ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់បងប្អូនប្រជាការពារត្រូវត្រៀមខ្លួន ដើម្បីចូលរួមជាមួយកម្លាំងមានសមត្ថកិច្ច ក្នុងការការពារសន្តិសុខសុវត្ថិភាពនៅតាមការិយាល័យបោះឆ្នោតនានា តាមការចាប់តាំងរបស់អាជ្ញាធរដែនដី ហើយនិងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយយើងទាំងអស់គ្នានិងក្រុមគ្រួសារក៏ត្រូវត្រៀមខ្លួនបំពេញការណីកិច្ចជាពលរដ្ឋល្អ ដោយសូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សនយោបាយណាមួយ ដែលនាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ព្រមទាំងដឹកនាំការអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ ដែលការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។