ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព និងបំពាក់សម្លៀកបំពាក់ជូនប្រជាការពារ ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនដល់អតីតយុទ្ធជន

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយគោល នយោបាយភូមិ.ឃុំ មានសុវត្ថិភាព បំពាក់សម្លៀកបំពាក់ជូនប្រជាការពារ និងសំណេះ សំណាលសាកសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ អំណោយឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត និងលោក ជំទាវ ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោក ឈឹម ញ៉េប មេឃុំនីពេជ បានឡើងថ្លែងសុន្ទរកថា និងរបាយការណ៍ស្វាគមន៍ ស្ដីពីស្ថាន ភាពទូទៅនៅក្នុងឃុំ ពិសេសលទ្ធផលនៃការ អនុវត្តគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដែលកន្លងមកនេះឃុំនីពេជអនុវត្តបានជោគជ័យតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ហើយបានទទួលចំណាត់ថ្នាក់ក្នុងផែនលេខ២ នៅខេត្ត កំពង់ធំ ផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងប្រជាការពារ ដែលបានខិតខំបំពេញភារកិច្ចក្នុងការបម្រើប្រជាជន និងរក្សាបាននូវសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អនៅទូទាំងឃុំ ធ្វើឱ្យប្រជាជនយើងមានភាពកក់ក្តៅ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិយើងឱ្យមានការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់អាជ្ញាធរដែនដី រួមជាមួយប្រជាការពារ ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តឲ្យបានជោគជ័យបន្ថែមទៀត នូវគោលនយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាព ហើយត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូនសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត  ជាមួយនោះដែរត្រូវត្រៀមខ្លួន និងមានឯកសារគ្រប់គ្រាន់ ដើម្បីអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាកុំបីខានឡេីយ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបំពាក់សម្លៀកបំពាក់ជូនដល់ប្រជាការពារនៅក្នុងឃុំនីពេជ្រ ចំនួន៣០នាក់ នឹងបាននាំយកនូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន១០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥ គីឡូក្រាម មីជាតិចំនួន១កេស និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ។