ខេត្តព្រះវិហារ៖ ប្រសាសន៍របស់ លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ បានថ្លែង ក្នុងពិធីអបអរសាទរ យុទ្ធនាការផ្សព្វផ្សាយ អប់រំសុខភាព ស្តីពីជំងឺគ្រុនឈាម ក្រោមប្រធានបទ (ខ្ញុំនិងគ្រួសារខ្ញុំ ជាគ្រូសារគំរូ ព្រោះផ្ទះខ្ញុំនិងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក និងគ្មានវត្ថុដែលអាចដក់ទឹកបាន )។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាក្រុងព្រះវិហារ នាថ្ងៃទី២៣មិថុនា២០២៣ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តព្រះវិហារ មន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការដៃគូ អាជ្ញាធរដែនដី ព្រមទាំងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានដ៏ច្រើនកុះករ។
អភិបាលរងក្រុងព្រះវិហារ លោក រស់ សារី បានថ្លែងថា ពិធីដែលបានធ្វើឡើងនៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋឲ្យចាប់អារម្មណ៍ អំពីស្ថានភាពបច្ចុប្បន្ន និងបង្កើនការយល់ដឹង ស្តីពីជំងឺគ្រុនឈាម ហើយក៏ដើម្បីផ្សព្វផ្សាយវិធានការការពារ នៃជំងឺគ្រុនឈាមដល់សហគមន៍ ផងដែរ។
លោក មិន ស៊ីថា បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងម្ចាស់ការដ្ឋានសំណង់ ពិសេសអាជីវករ និងម្ចាស់អាជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់រថយន្ត និងម៉ូតូ ត្រូវចូលរួមសម្អាត អនាម័យបរិវេណជុំវិញផ្ទះឲ្យបានស្អាត ត្រូវរៀបចំទុកដាក់ឬលុប កប់ និងដុតចោលនូវវត្ថុទាំងឡាយណា ដែលអាចដក់ទឹកបង្កជាជម្រកពងកូន សម្រាប់មូសខ្លាដែលជាប្រភពចម្លង នៃជំងឺគ្រុនឈាម ហើយបើករណីមានសមាជិកគ្រួសារ មានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ លើសពី ៣៨អង្សា ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុតជាបន្ទាន់។
លោក មិន ស៊ីថា បានបញ្ជាក់ថា អាជ្ញាធរនៅគ្រប់មូលដ្ឋានទាំងអស់ក្នុងខេត្ត ត្រូវបន្តផ្សព្វផ្សាយយុទ្ធនាការនាថ្ងៃនេះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមក្នុងការពង្រឹង និងអនុវត្តវិធានការ ការពារសុខភាពឲ្យបានល្អ ជៀសផុតពីការឆ្លងជំងឺគ្រុនឈាម ដោយសារមូសខ្លាញីខាំ។
ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងថា ជំងឺគ្រុនឈាម គឺជាជំងឺដ៏កាចសាហាវមួយ ដែលយាយីដល់ជីវិតមនុស្ស ជាពិសេសកុមារតូចៗ និងបើ យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងអំឡុង២៣សប្តាហ៍ ដើមឆ្នាំ ២០២៣នេះ ករណីឈឺដោយជំងឺគ្រុនឈាមទូទាំងប្រទេសមាន ៤ពាន់ករណី ក្នុងនោះស្លាប់ ៧ករណី ដែលបានកើតឡើងទៅលើខេត្តចំនួន៧ ក្នុងនោះក៏មានខេត្តព្រះវិហារផងដែរ។ លោកថា បញ្ហាគ្រុនឈាមនៅក្នុងខេត្តព្រះវិហារ គិតចាប់ពីសប្តាហ៍ទី១ ដល់ទី២៤ ក្នុងរយៈពេល ៥ឆ្នាំដូចគ្នា បានបង្ហាញថា នៅឆ្នាំ២០១៩ មាន៥៤០ករណី ឆ្នាំ២០២០ មាន៤២ករណី ឆ្នាំ២០២១ មាន៣ករណី ឆ្នាំ២០២២ មាន១៨ករណី និងនៅក្នុងឆ្នាំ២០២៣នេះ មានករណីឈឺចំនួន ១៩៩ករណី ក្នុងនោះអ្នកជំងឺទៅ ទទួលសេវាព្យាបាលនៅមូលដ្ឋានសុខាភិបាលក្រៅខេត្ត មាន ១១១ករណី។
លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងទៀតថា នៅក្នុងឆ្នាំ២០២៣នេះ មន្ទីរសុខាភិបាលខេត្ត បានចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺគ្រុនឈាម តាមរយៈការចុះដាក់ថ្នាំអាបែត នៅតាមពាងទឹក ឬអាងទឹកបាន ៤៤ឃុំ ស្មើនឹង១៧៧ភូមិ ចុះអប់រំសុខភាពបាន ១១៦ភូមិ បានចុះធ្វើអន្តរាគមន៍ ដោយការបាញ់ថ្នាំកំចាត់ភ្នាក់ងារចម្លងរោគ នៅភូមិដែលរាតត្បាតបាន ២ភូមិ ស្មើ១ពាន់ ៣៨២ខ្នងផ្ទះ និងមានការព្យាបាលជំងឺគ្រុនឈាម យ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យនៅតាមមូលដ្ឋាន ជូនដល់ប្រជាពលរដ្ឋផងដែរ៕ដោយ៖ឡុង សំបូរ