ខេត្តព្រះវិហារ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ស្ពានបេតុងមួយខ្សែមានតម្លៃជាង ១លានដុល្លារ សាងសង់ជំនួសស្ពានដែកបេឡេចាស់ទ្រុឌទ្រោម ដែលមានអាយុកាលរាប់សិបឆ្នាំមកហើយនោះ និងស្ពានថ្មទើបសាងសង់ថ្មីនេះ ទុកសម្រាប់ជាចំណងដៃ ជូនដល់ប្រជាពលរដ្ឋខេត្តព្រះវិហារ ។
ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ លោក មាស សុភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល ថ្នាក់ដឹកក្រសួងការពារជាតិ គណៈអភិបាលខេត្តព្រះវិហារ ថ្នាក់ដឹកនាំនៃកងកម្លាំងទាំង៣ មន្ត្រីខេត្ត ក្រុង ស្រុក មន្ទីរពាក់ព័ន្ធ និងប្រជាពលរដ្ឋដ៏ច្រើនចុះករ បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុ ១ខ្សែ «ស្ពានកំពង់ពុទ្រា» ដែលសាងសង់ឡើងចំណាយទឹកប្រាក់អស់ជាង ១លានដុល្លារ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ ស្ថិតក្នុងភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ។
អនុរដ្ឋលេខាធិការក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក គង់ អៀង បានថ្លែងថា ស្ពានបេតុងថ្មីនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ពោធដាក់ឱ្យប្រប្រាស់ជាផ្លូវការនៅថ្ងៃនេះ មានប្រវែង១៤៤ម៉ែត្រ និងទទឹង១១ម៉ែត្រ ដោយចំណាយថវិកាសាងសង់ជាង១លានដុល្លារ។ លោកថា ស្ពាននេះចាប់ផ្តើមសាងសង់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ហើយអាចទ្រទម្ងន់បាន ២៥តោន។ ចំណែក ស្ពានបេឡេ គឺជាស្ពានចាស់មានសភាពទ្រុឌទ្រោមខ្លាំង និងមានអយុកាលរាប់សិបឆ្នាំមកហើយ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ឋី បានថ្លែងថា ស្ពានបេតុងដែលសម្ភោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ គឺជាសមិទ្ធិផលនៃចំណងដៃថ្មីរបស់ រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនប្រជាពលរដ្ឋខេត្តព្រះវិហារ ដើម្បីសម្រួលដល់ការធ្វើដំណើរបានងាយស្រួល លឿន ពិសេសការដឹកជញ្ជូនកសិផលនានា ពីទីជនបទមកកាន់ទីប្រជុំជនផ្សារបានយ៉ាងឆាប់រហ័ស ហើយស្ពានថ្មី ១ខ្សែនេះ ក៏ជាសមិទ្ធផលរួម និងជាប្រយោជន៍រួម ផងដែរ។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៃខេត្តព្រះវិហារ។
លោកទេសរដ្ឋមន្ត្រី មាស សុភា មានប្រសាសន៍ថា នេះគឺជាសមិទ្ធិផលថ្មីមួយ ក្នុងចំណោមសមិទ្ធិផលជាច្រើនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋខេត្តព្រះវិហារ ហើយស្ពានបេតុងថ្មីនេះ បានសាងសង់ជំនួសស្ពានដែកបេឡេចាស់ទ្រុឌទ្រោម ដែលបន្សល់ទុកតាំងពីសម័យអាណានិគមនិយមបារាំងសេស នោះមកម៉្លេះ។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ទៀតថា ដោយសារស្ពាននេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង អាជ្ញាធរខេត្ត និងក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ បានដាក់សំណើរទៅសម្តេចតេជោដោយត្រង់ ដើម្បីសុំស្ពានបេតុងមួយនេះ និងការស្ថាបនាស្ពាននេះឡើង គឺបានបញ្ជាក់អំពីអាទិភាព ៤យ៉ាងរបស់ រាជរដ្ឋាភិបាល គឺ ផ្លូវ ទឹក ភ្លើង និងធនធានមនុស្ស តាំងពីទស្សវត្សទី ៨០ នោះមក។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានសម្រេចឱ្យសាងសង់ស្ពាននេះឡើង ទុកជាប្រយោជន៍សាធារណៈ ជាពិសេសសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ ប្រើប្រាស់បានយ៉ាងងាយស្រួល និងឆាប់រហ័ស។ លោក មាស សុភា បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាស្ពាននេះ ទុកសម្រាប់ជាប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង ហើយត្រូវបញ្ឈប់ការដឹកជញ្ជូនទំនិញលើសទម្ងន់ឆ្លងកាត់ស្ពាននេះ និងត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា កុំបីខានឡើយ៕ដោយ៖ឡុង សំបូរ