ឯកឧត្ដម អ៊ុន ចាន់ដា ប្រាប់សមាជិកបក្សត្រូវរក្សាគោលជំហរឱ្យបាននឹងន និងមានភាពស្មោះត្រង់ ហេីយនាំគ្នាទៅបោះឆ្នោតនាថ្ងៃទី២៣ខាងមុខនេះ

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានថ្លែងប្រាប់ សមាជិកបក្សទាំងអស់ ត្រូវរក្សាគោលជំហរឱ្យបាននឹងន និងមានភាពស្មោះត្រង់ចំពោះបក្ស ហេីយត្រូវដឹកនាំបងប្អូនកូនចៅឱ្យទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ពោលគឺត្រូវផ្តោតទៅលើទិសស្លោក “អរគុណសន្តិភាព សមាជិកបក្សម្នាក់ សន្លឹកឆ្នោតមួយសន្លឹក” ការថ្លែងបែបនេះក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន ២២៨នាក់ ដែលមកពីអតីតសកម្មជនគណបក្សនយោបាយនានា និងអ្នកបម្រើសេវាកម្មដឹកជញ្ជូន ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ ក្នុងនោះគណបក្សមូលដ្ឋាន ក៏ត្រូវត្រៀមឃោសនិក ដើម្បីបកស្រាយ អំពីគោលនយោបាយគណបក្ស ហើយផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ នៅតាមទីប្រជុំជននានា ហើយក៏ដើម្បីវាយបកទៅកាន់មជ្ឈដ្ឋានដែលវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជាវិញដែរ ។

ឯកឧត្តមប្រធានគណបក្សខេត្ត បានបន្តថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារដ៏សំខាន់ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អដល់សមាជិកបក្សរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋទូទៅ។ ពីព្រោះថា ប្រជាពលរដ្ឋខ្លះ ទោះបីមិនបានចូលជាសមាជិកបក្សប្រជាជន ប៉ុន្តែមិនមែនបានន័យថា ពួកគាត់មិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ ដូច្នេះមន្ត្រីបក្សមូលដ្ឋាន ក៏ត្រូវធ្វើអំពើល្អដាក់ពួកគាត់ដូចគ្នា ផងដែរ ។

គួរបញ្ជាក់ថា ពិធីបញ្ចូលសមាជិកថ្មីនេះ គឺមានអតីតសកម្មជនមកពីគណបក្សភ្លេីងទាន និងគណបក្សនយោបាយនានា ក្នុងខេត្តកំពង់ចាម ចំនួន ១៣០នាក់ និងបងប្អូនបម្រើសេវាកម្មដឹកជញ្ជូន( អ្នករត់ម៉ូតូឌុប ) ចំនួន ៩៨នាក់ ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ៕