គណបក្សប្រជាជនកម្ពុជាស្រុកបារាយណ៍ និងស្រុកតាំងគោក បើកយុទ្ធនាការឃោសនាបោះឆ្នោតចូលរួមដង្ហែរមានចំនួន៧.០០០នាក់

0

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ថោង ខុន អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក និងឯកឧត្តម លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំសមាជិកគណបក្សជាង៧.០០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកបារាយណ៍ និងស្រុកតាំងគោក និងបានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នា។ ការដង្ហែរក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកបារាយណ៍ មានអ្នកចូលរួមជាង៧.០០០នាក់ ចាប់ដង្ហែពីមុខវត្តស្វាយជីអោក ដល់ឃុំគគីរធំ។

ឯកឧត្តម ថោង ខុន បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានសង្គ្រោះជាតិ និងជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍នៃបនឃោរឃៅផុតលេខ (ឆ្នាំ១៩៧៥ ដល់ ១៩៧៩) ដោយបានទទួលជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រ ហេីយបើគ្មានគណបក្សប្រជាជនកម្ពុជា និងអ្នកតស៊ូដែលបានពលី លះបង់សាច់ស្រស់ ឈាមស្រស់ ដែលជាសមាជិកគណបក្សដ៏អង់អាចទេនោះ មិនមានការអភិវឌ្ឍដូចថ្ងៃនេះឡើយ។

ឯកឧត្តម ថោង ខុន បានឱ្យដឹងទៀតថា មកដល់ថ្ងៃនេះគណបក្សប្រជាជនកម្ពុជាដែលមានកំណើតពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន បានប្រឹងប្រែងអស់សមត្ថភាព ប្រាជ្ញាស្មារតី បម្រើប្រជាជន ការពារបានសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាពទូទាំងប្រទេស។

ទន្ទឹមនោះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណសមាជិក សមាជិកាគណបក្ស និងអ្នកគាំទ្រគណបក្សទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ ចូលរួមក្នុងពិធីដង្ហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោត ដែលនេះបង្ហាញឲ្យមហាជនបានឃើញពីកម្លាំងគាំទ្រដ៏ធំរបស់គណបក្សប្រជាជនកម្ពុជា និងការដឹកនាំប្រទេសទៅរកវឌ្ឍនភាព ការអភិវឌ្ឍ ភាពសុខដុមរមនា មានសន្តិភាពពេញលេញបរិបូណ៌ ដោយមិនមានគណបក្សនយោបាយណាធ្វើបានដូចគណបក្សប្រជាជនកម្ពុជាឡើយ។

ឯកឧត្តម ថោង ខុន ក៏បានស្នើឱ្យក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ និងគណបក្សស្រុក គណបក្សឃុំ សហការគ្នា ដើម្បីចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោត។ សូមសមាជិក សមាជិកាបក្សទាំងអស់ត្រូវត្រៀមលក្ខណៈ និងឯកសារបម្រើដល់ការបោះឆ្នោត (អត្តសញ្ញាណប័ណ្ណ ឬឯកសារ ឯ.អ) ដើម្បីទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលំដាប់លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញាសម្គាល់។

ដោយឡែកឯកឧត្តម លី សាម៉េត ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងសមាជិកគណបក្សប្រជាជនចាស់ និងសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ដែលទេីបមកពីគណបក្សដ៏ទៃទៀត បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀត ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដេីម្បីបានបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចំរេីនបន្ថែមទៀត និងបន្តគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត់ផងដែរ៕