កំពង់ចាម : ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិក គណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានថ្លែងថា ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាជនយើងនៅក្នុងការបោះឆ្នោត គឺមានលក្ខណៈកំណត់ចំពោះជោគវាសនាអនាគតរបស់ជាតិ និងប្រជាជនផ្ទាល់ ។ ការ ថ្លែង បែប នេះ ក្នុង ឱកាស បេីក យុទ្ឋនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣ ។
ក្នុង ឱកាស នោះ ដែរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្ត ទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាព្រឹត្តិការណ៍ដែលមានសារៈសំខាន់បំផុត ចំពោះប្រជាជាតិយើង។ ការសម្រេចចិត្តត្រឹមត្រូវ នឹងនាំមកនូវជោគជ័យបន្តទៀតសម្រាប់ជាតិ ហើយជឿជាក់ថា ប្រជាជនយើងក្នុងខេត្តកំពង់ចាម នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីជូន សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ដឹកនាំរាជរដ្ឋាភិបាលទាំងអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន បញ្ជាក់ថា ថ្ងៃដំបូងនៃយុទ្ឋនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នេះ ក៏ជាថ្ងៃដែលផ្សារភ្ជាប់ទៅនឹងការប្រារព្ធខួបកំណើត ៧២ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយបានជួយរំដោះប្រជាជន ពីរបបប្រល័យពូជសាសន៏ប៉ុល ពត ដែលបានសម្លាប់ប្រជាជនឯងយ៉ាងរង្គាលព្រៃផ្សៃជាទីបំផុត។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ គឺមានរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ ប្រជាជនកម្ពុជា បានឆ្លងកាត់ដំណាក់កាលនានា ប្រកបដោយ មោទនភាព ធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន ដើម្បីកសាងជាតិ ការពារមាតុភូមិ និងស្វែងរកសន្តិភាពសម្រាប់ការអភិវឌ្ឍជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។ គណបក្សប្រជាជនកម្ពុជា គឺជាអ្នកនាំមកនូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ប្រជាធិបតេយ្យ សេរីពហុបក្ស។ សុខសន្តិភាពនេះ បានបង្កលក្ខណៈ ឱ្យ មានការអភិវឌ្ឍលើគ្រប់វិស័យ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ហើយប្រជាជនកម្ពុជាគ្រប់រូប សុទ្ធតែបានទទួលនូវមនុញ្ញផលពីសន្តិភាព និងការអភិវឌ្ឍទាំងអស់នេះ។
គួរបញ្ជាក់ថា ថ្ងៃ បើក យុទ្ធនាការ ឃោសនា បោះឆ្នោត នៅ ក្រុងកំពង់ចាម នេះ គឺ មាន ការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ, ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម ព្រមទាំងបេក្ខជនឈរឈ្មោះតំណាងរាស្ត្រខេត្តកំពង់ចាម ប្រធាន អនុប្រធាន ក្រុមការងារចុះជួយក្រុង សមាជិក សមាជិកាគណៈកម្មាធិការ គណបក្សខេត្ត ប្រធាន គណៈកម្មាធិការ គណបក្សក្រុង, ប្រធានសាខាបក្សសង្កាត់ និងប្រជាពលរដ្ឋ នៅក្នុងក្រុងកំពង់ចាម និង ស្រុក កំពង់សៀម ជាង ១ម៉ឺន នាក់ ដោយឡែក នៅ តាម បណ្ដា ស្រុក ចំនួន ៨ទៀត គឺ មាន ប្រជាពលរដ្ឋ ចូលរួម ប្រមាណ ជាង ៤ម៉ឺន នាក់ ផងដែរ ៕