ខេត្តព្រះវិហារ៖ ឯកឧត្តម ស្រី ឌឹក អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ និងជាប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត និងលោកជំទាវ ចាន់ សាមីស្រីឌឹក នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពិធីអបអរសាទររំឭកខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានសមាជិក សមាជិកាចូលរួមសរុប ២០៧៩នាក់ ស្រី ៨២៨នាក់ ។
ឯកឧត្តម ស្រី ឌឹក ព្រឹត្តិការណ៍នយោបាយ ជាប្រវត្តិសាស្ត្រដ៏មានសារសំខាន់នេះ បានរៀបចំ ស្របជាមួយ នឹងការប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ នៃថ្ងៃកំណើត គណបក្សប្រជាជនកម្ពុជា (២៨/មិថុនា/១៩៥១-២៨/មិថុនា/២០២៣) របស់យើងផងដែរ ។
ក្នុងនាម ក្រុមការងារគណបក្ស ថ្នាក់កណ្តាល និង ក្រុមការងារគណបក្សថ្នាក់ខេត្ត ចុះជួយមូលដ្ឋានស្រុក ឃុំ និង សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទូទាំងស្រុកជាំក្សាន្ត សូមសម្តែងនូវការ គោរពដឹងគុណ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំកំពូល នៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលបានតស៊ូពុះពារ ជម្នះរាល់ឧបសគ្គ និងការលំបាក គ្រប់បែបបយ៉ាង បានលះបង់ សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុ ជាតិ មាតុភូមិ រួមសុខ រួមទុក្ខ ជាមួយប្រជាជន ដើម្បីប្រជាជន ដោយសារប្រជាជន រហូតបង្កើតបានសមិទ្ធផល ជាប្រវត្តិសាស្ត្រជូនជាតិ ជាច្រើនដូចបច្ចុប្បន្ននេះ ។
ឯកឧត្តម ស្រី ឌឹក បានបញ្ជាក់ថា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗ គ្នា ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំ ប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត ។
លោក ជ ម៉ាប់ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ខេត្តព្រះវិហារ មានគណបក្សនយោបាយ ចូលរួមបោះឆ្នោតចំនួន១២គណបក្ស ។
នៅថ្ងៃទី១ ដែលជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ខេត្តព្រះវិហារ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ សម្រាប់គណបក្សចំនួន១១ទៀត អាចនឹងបើកយុទ្ធនាការនៅថ្ងៃខាងមុខ ឬក៏ថ្ងៃបញ្ចប់យុទ្ធនាការ ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ៕