បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទីភារកិច្ច និងអប់រំក្រមសីលធម៌ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោត

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុក កំពង់ស្វាយ  ខេត្ត កំពង់ធំ  បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទីភារកិច្ច និងអប់រំក្រមសីលធម៌ សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោត ដែលពិធីនេះប្រព្រឹត្តទៅ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍វីវឌ្ឍន៍ថ្មីៗ ដែលកើតមានឡើងនៅលើពិភពលោក សភាពការណ៍ក្នុងតំបន់ និងសភាពការណ៍ថ្មីៗនៅក្នុងប្រទេស ពិសេសក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា ដែលកំពុងដំណើរការយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានគណបក្សនយោបាយទាំង១៨ ត្រូវបានទទួលស្គាល់ពីគណៈកម្មការជាតិរៀបចំការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមតួនាទីភារកិច្ច ដែលមានចែងក្នុងបទវិន័យទូទៅ និងច្បាប់ស្តីពីលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ ជាមួយនោះដែរក្នុងដំណើរការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ  យោធិនគ្រប់រូបត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមក្រមសីលធម៌សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខក្នុងដំណើរការបោះឆ្នោត ព្រមទាំងចូលរួមក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព ជូនគណបក្សនយោបាយ នានា និងប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោតនេះ ឲ្យទទួលបានសុខសុវត្ថិភាព និងជោគជ័យ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានដាក់បទបញ្ជាដល់យោធិនគ្រប់រូប មិនត្រូវប្រព្រឹត្តអ្វីដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទជាដាច់ខាត ។ ជាមួយនោះដែរយោធិនគ្រប់រូបត្រូវតែស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ  និងបានអំពាវនាវដល់យោធិនគ្រប់រូប រួមជាមួយក្រុមគ្រួសារ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នាកុំបីខានឡើយ ៕