អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា អាជីពជាគ្រូពេទ្យ ជាអាជីពប្រៀបដូចទៅនឹងទេវតា ដែលជួយមនុស្សឱ្យបានជាសះស្បើយ និងរួចផុតពីសេចក្ដីស្លាប់

0

ត្បូងឃ្មុំ: ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា អាជីពជាគ្រូពេទ្យ ជាអាជីពប្រៀបដូចទៅនឹងទេវតា ដែលជួយមនុស្សឱ្យបានជាសះស្បើយ និងរួចផុតពីសេចក្ដីស្លាប់ ដូច្នេះគឺទាមទារជាចាំបាច់ណាស់នូវការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តខិតខំស្រាវជ្រាវសិក្សារៀនសូត្រ និងធ្វើទំនើបកម្មជាប់ជាប្រចាំទាំងលើចំណេះដឹង, បច្ចេកទេស និងសម្ភារបរិក្ខារ សំដៅធ្វើយ៉ាងណាឱ្យដើរទាន់រាល់ការវិវឌ្ឍឥតឈប់ឈរនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជួយដល់ការធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិក្នុងការពិនិត្យ និងព្យាបាល។ ការថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ ប្រមាណ៦៥០នាក់ ក្នុងខេត្តត្បូងឃ្មុំ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តនិងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការងារសង្គមរបស់ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ នៅក្នុងបរិបទកូវីដ-១៩ ចាប់តាំងពីចុងឆ្នាំ២០១៩ ដល់បច្ចុប្បន្ន វាមិនមែនជារឿងងាយនោះទេ ជាពិសេសក្នុងការប្រមូលមនុស្សមកចូលរួមលើសមរភូមិ នៃសត្រូវឥតស្រមោលនេះ តែដោយសារទឹកចិត្តស្រឡាញ់ជាតិ និងប្រជាជនបានធ្វើឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្នុងខេត្តត្បូងឃ្មុំយើង បានលះបង់សេចក្តីសុខផ្ទាល់ខ្លួន លះបង់ឃ្លាតឆ្ងាយកូន ភរិយា ស្វាមី និងក្រុមគ្រួសារ មកចូលរួមប្រយុទ្ធជំងឺកូវីដ-១៩នេះ រហូតទទួលបានជោគជ័យដល់សព្វថ្ងៃនេះ ។

ឯកឧត្ដម ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រង, វេជ្ជបណ្ឌិត, សាស្ត្រាចារ្យ, លោកគ្រូ, អ្នកគ្រូពេទ្យ និងមន្ត្រីសុខាភិបាលខេត្តត្បូងឃ្មុំ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងវិស័យសុខាភិបាលកម្ពុជា ដែលកំពុងមានតម្រូវការខ្ពស់បម្រើឱ្យការថែទាំងសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងញ៉ាំងឱ្យវិស័យសុខាភិបាលរបស់យើង អាចបន្តបោះជំហានរីកចម្រើនទៅមុខប្រកបដោយគុណភាពបន្ថែមទៀត។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលខេត្តត្បូងឃ្មុំទាំងអស់ សូមរួមគ្នាថែរក្សាសន្តិភាព ដូច្នេះនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជាព្រឹត្តិការណ៍ជាតិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ នៃរដ្ឋសភា សូមបោះឆ្នោតជូនរាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលមានសម្តេចតេជោ ហ៊ុន សែន បន្តជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទាំងមូល និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេណនៅអាណត្តិបន្តបន្ទាប់ទៀត ៕