អភិបាលរងខេត្តកំពង់ធំ នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងថវិកាទៅប្រគល់ជូនគ្រួសារមរណភាពដោយជំងឺទឹកនោមប្រៃ

0

(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ជាអនុប្រធានគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ទៅប្រគល់ជូនដល់គ្រួសារដែលមរណៈភាពដោយជំងឺទឹកនោមប្រៃ ស្ថិតនៅភូមិដោម ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ រសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣។

លោកស្រី សាំង គឹមលីន ទទួលបន្ទុកស្ត្រីនិងកុមារបានលើកឡើងពីស្ថានភាពគ្រួសារស្ត្រីដែលមរណៈភាពដោយជំងឺទឹកនោមប្រៃ ព្រោះជំងឺរបស់គាត់ឈឺជាយូរឆ្នាំមកហើយ ព្យាបាលពុំជានោះទេ បានទទួលមរណភាពនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ នៅវេលាម៉ោង០៨:០០នាទីយប់ មានឈ្មោះ កុយ សុខខឿន អាយុ២៣ឆ្នាំ ប្តីឈ្មោះ រិន ចាន់រ៉ា អាយុ៣៤ឆ្នាំ
និងកូនឈ្មោះ រុន រ៉ាវី អាយុ០៨ខែ។

លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ជាអនុប្រធានគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ថាដោយមានការយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចទាំងពីរតែងតែយកចិត្តទុកដាក់ដល់គ្រួសារដែលជួលការលំបាក ជនពិការ និងកុមារកំព្រា ដោយមិនទុកឱ្យបងប្អូនណាមួយអត់ស្បៀងនោះឡើយ។

លោកជំទាវ លំ គន្ធារី បានបង្ហាញពីការសោកស្តាយការបាត់បង់មនុស្សជាទីស្រឡាញ់ មិនគួរមានអាយុខ្លីទេ ដោយសង្កេតឃើញពីទុក្ខលំបាករបស់គ្រួសារសព សូមលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្ត និងរំលែកទុក្ខដល់គ្រួសារសព ដើម្បីកាត់ចិត្តខិតខំចិញ្ចឹមកូនឱ្យមានអនាគតល្អ ព្រោះកូននៅតូចណាស់ មិនដឹងទៅពឹងអ្នកណាទេ សូមបន្តការងាររបស់ខ្លួនឡើងវិញ ក្នុងការអភិវឌ្ឍគ្រួសារឱ្យទទួលបាននូវលក្ខណៈល្អប្រសើរ។

ក្រុមគ្រួសារសព បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារទាំងអស់ដែលបាននាំយកអំណោយ និងថវិកាមួយចំនួនមកចូលរួមបុណ្យសពមរណភាពដោយទឹកនោមប្រៃនាពេលនេះ ដើម្បីយកទៅប្រើប្រាស់ និងចាត់ចែងសម្រាប់កម្មវិធីបុណ្យសពផងដែរ។

គួរបញ្ជាក់ថា សម្រាប់អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានផ្ដល់ដល់គ្រួសារសពរួមមាន÷ អង្ករ០១បេ មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ឃីត០១ និងថវិកាមួយចំនួនផងដែរ។