សមត្ថកិច្ចខេត្តព្រះវិហារ ប្រដេញស្ទាក់ចាប់រថយន្តឡង់គ្រីស័រមួយគ្រឿង ផ្ទុកឈើប្រណិតពេញប្រៀប មានទម្ងន់ជាង ១ពាន់គីឡូក្រាម និងឃាត់ខ្លួនមនុស្សម្នាក់សង្ស័យជាឈ្មួញដឹកឈើល្មើសច្បាប់

0

ខេត្តព្រះវិហារ៖ កម្លាំងរដ្ឋបាលព្រៃឈើរវៀង នៃខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានសហការជាមួយកម្លាំងនគរបាលស្រុករវៀង ប្រដេញស្ទាក់ចាប់រថយន្តឡង់គ្រីស័រ ១គ្រឿង ផ្ទុកឈើប្រណិតនាងនួន និងធ្នុងពេញប្រៀប មានទម្ងន់ជាង ១តោន នៅក្នុងប្រតិបត្តិការដែលបានធ្វើឡើងនៅម៉ោងប្រមាណ ៩ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅលើផ្លូវអូរគរគី ស្ថិតក្នុងភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។​

សមត្ថកិច្ចនៅក្នុងការបង្ក្រាបរថយន្តដឹកឈើល្មើសច្បាប់នោះ បាននិយាយថា នៅក្នុងប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើ ១គ្រឿងនោះ បានធ្វើឡើងក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក គឹម សំឡេង ក្រោមការអនុញ្ញាតពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិន្ទថាល់។

សមត្ថកិច្ចបានបន្តថា ក្រោយទទួលបានការអនុញ្ញាតពីស្ថាប័នអយ្យការខេត្ត នោះមក កម្លាំងសមត្ថកិច្ចបានប្រដេញស្ទាក់ចាប់បានរថយន្តឡង់គ្រីស័រ ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AC-8538  ពណ៌ទឹកប្រាក់ ដឹកឈើប្រណិតនាងនួន និងធ្នុង​មានរាប់សិបដុំ និងសន្លឹកមានទម្ងន់ជាង ១ពាន់គីឡូក្រាម និងឃាត់ខ្លួនបុរសម្នាក់ជាឈ្មួញឈើ ផងដែរ។

នាយរងសង្កាត់រដ្ឋបាលព្រៃឈើរវៀង លោក យឹម វាសនា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា មុនឈានដល់ការបង្ក្រាបរថយន្តដឹកជញ្ជូនល្មើសច្បាប់ ១គ្រឿងនេះបាន សមត្ថកិច្ចជំនាញបានធ្វើការតាមដានអស់រយៈពេលជាយូរមកហើយ ។ លោកថា ក្រោយពេលទទួលបានព័ត៌មានច្បាស់ការហើយនោះ កម្លាំងសមត្ថកិច្ចបានសហការរួមគ្នា ប្រដេញស្ទាក់ចាប់បានទាំងរថយន្តដឹកឈើ និងឈ្មួញដឹកជញ្ជូនឈើក្នុងពេលតែមួយ។

ក្រោយការបង្ក្រាប វត្ថុតាងរថយន្តឡង់គ្រឿងស័រ ១គ្រឿង ឈើប្រណិតទាំងពីរប្រភេទ និងបុរសឈ្មួញដឹកជញ្ជូនឈើ ត្រូវបានបញ្ជូនកាន់ផ្នែករដ្ឋបាលព្រៃឈើរវៀង និងខណៈនេះជនសង្ស័យឈ្មួយឈើ កំពុងស្ថិតក្រោមការឃាត់ទុកសាកសួរ ពីមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើរវៀង នៃខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា បើតាមការឲ្យដឹងពីមន្ត្រីជំនាញ រថយន្តឡង់គ្រីស័រ ១គ្រឿងនេះ ពណ៌ពិតប្រាកដ គឺពណ៌ស ត្រូវបានបិទស្កុតក្លែងជាពណ៌ទឹកប្រាក់ ចំណែក ស្លាកលេខ ភ្នំពេញ 2AC-8538 ក៏ជាស្លាកលេខក្លែងក្លាយនោះដែរ ព្រោះជនសង្ស័យតែងប្រើប្រាស់គ្រប់កលល្បិច ដើម្បីដឹកជញ្ជូនឈើធ្វើជំនួញ ក្នុងការបិទបាំង និងបំភ័ន្តភ្នែកសមត្ថកិច្ច៕ដោយ៖ឡុង សំបូរ