(ប៉ៃលិន)៖ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវតាមការណែនាំ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង និងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។ ការថ្លែងបែបនេះ ខណៈពេលដែលឯកឧត្តម បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិការបក្ស ជាង ២០០នាក់ នៅភូមិភ្នំក្រិញ, ភូមិអន្លង់រក្សា, ភូមិអូរកន្ធៀងវ៉ា និងភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងថ្ងៃទី០៥ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តទី៧ ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន បាននាំយកមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍បន្តថា៖ បើទោះបីជាខេត្តប៉ៃលិន ជាទឹកដីទទួលបានសុខសន្តិភាពក្រោយគេ និងជាទឹកដីទទួលបានការអភិវឌ្ឍន៍ក្រោយគេយ៉ាងណាក្តី ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានប្រែក្លាយទឹកដីអតីតសមរភូមិសង្គ្រាម ទៅជាតំបន់អភិវឌ្ឍន៍ និងតំបន់ពាណិជ្ជកម្ម ព្រមទាំងមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ផុសឡើងជាបន្តបន្ទាប់ ដូចជា៖ ផ្លូវ ស្ពាន សាលារៀន ការសិក្សាអប់រំ សុខភាពសាធារណៈ ប្រព័ន្ធទឹកស្អាត អគ្គិសនី ដែលបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។
ឯកឧត្តមប្រធានក្រុមការងារ បានបន្តទៀតថា «សុខសន្តិភាព និងសមិទ្ធផលទាំងអស់ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ជាពិសេស ខេត្តប៉ៃលិនរបស់យើង មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើង ដោយការតាំងចិត្ត ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះយើងទាំងអស់គ្នា ត្រូវនាំគ្នាថែរក្សាឱ្យបានគង់វង្ស ដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគាំទ្របេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីនាថ្ងៃអនាគត»។ លើសពីនេះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានអំពាវនាវដល់សកម្មជន សមាជិក-សមាជិកាគណបក្ស ក៏ដូចជា ប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី ១៨ ក្នុងសន្លឹកឆ្នោតផងដែរ ។
សូមបញ្ជាក់ថា៖ បើតាមលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានឲ្យដឹងថា៖ ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ ហើយគណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប មានចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត។ ដោយឡែកនៅក្នុងខេត្តប៉ៃលិន មានគណបក្សនយោបាយចំនួន១០ ដែលមានសិទ្ធិក្នុងការធ្វើការឃោសនារកសំឡេងឆ្នោត ហើយគណបក្សនយោបាយនិមួយៗគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន