ខេត្តព្រះវិហារ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ លោក អ៊ន ប៊ុនលី បានធ្វើការចោទប្រកាន់ ជនដែលត្រូវចោទ អ៊ុល សុខឡា ចំនួនពីរករណី ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៩៣ ពីបទ (ដឹកជញ្ជូនផល-អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងការប្រើប្រាស់ស្លាកលេខក្លែងក្លាយ) និងជនត្រូវចោទ ត្រូវបានតុលាការបញ្ជាឲ្យនាំទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តព្រះវិហារនោះហើយ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។
យោងដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ លោក អ៊ន ប៊ុនលី បានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ អ៊ុល សុខឡា ភេទប្រុស អាយុ ៤១ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន ភូមិបុស្សលាវ ឃុំបុស្សលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ ជនត្រូវចោទមានប្រពន្ធ និងកូនពីរនាក់។
ដីកាបានបញ្ជាក់ទៀតថា ជននេះត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ ពីបទ (ដឹកជញ្ជូនផល-អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត និងការប្រើប្រាស់ស្លាកលេខក្លែងក្លាយ) ដែលបានប្រព្រឹត្តនៅភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី៤កក្កដា២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៩៦ កថាខណ្ឌទី១ ចំណុចទី២ នៃច្បាប់ ស្តីពីព្រៃឈើ និងមាត្រា ៧៨ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទ អ៊ុល សុខឡា ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន តាមដីកាសម្រេចលេខ ៤១០ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ លោក អ៊ន ប៊ុនលី ដោយបញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទ ទៅពន្ធនាគារខេត្តព្រះវិហារ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីនៃច្បាប់។
គួរបញ្ជាក់ថា នៅថ្ងៃទី៤កក្កដា២០២៣ កន្លងទៅនេះ កម្លាំងសង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើរវៀង បានសហការជាមួយកម្លាំងនគរបាលស្រុករវៀង ស្ទាក់ចាប់រថយន្តឡង់គ្រីស័រ ១គ្រឿង ផ្ទុកឈើប្រណិតនាងនួន និងធ្នុងរាប់សិបដុំ និងសន្លឹក មានទម្ងន់ជាង ១ពាន់គីឡូក្រាម និងបានឃាត់ខ្លួនឈ្មួញឈើម្នាក់ ឈ្មោះ អ៊ុល សុខឡា ហៅ ឡែន នៅលើផ្លូវអូរគរគី ស្ថិតក្នុងភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
នៅក្នុងប្រតិបត្តិការនោះ បានធ្វើឡើងក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក គឹម សំឡេង បន្ទាប់ពីទទួលបានការអនុញ្ញាតពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិន្ទថាល់ រួចមក។
រថយន្តដែលសមត្ថកិច្ចស្ទាក់ចាប់បាននៅពេលនោះ ប្រភេទឡង់គ្រីស័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC-8538 ដឹកឈើប្រណិតនាងនួន និងធ្នុងមានរាប់សិបដុំ និងសន្លឹកមានទម្ងន់ជាង ១ពាន់គីឡូក្រាម(ជាង១តោន) និងឃាត់ខ្លួនបុរសឈ្មួញឈើម្នាក់ ដែលគេស្គាល់ ឈ្មោះ អ៊ុល សុខឡា ហៅ ឡែន ហើយនរណាក៏ដឹងថា គឺជាឈ្មួញឈើចាស់វស្សា ប្រចាំនៅទឹកដីភាគឦសាន(ក្រចេះ-ស្ទឹងត្រែង) នោះដែរ។
ក្រោយការបង្ក្រាប វត្ថុតាងរថយន្តឡង់គ្រឿងស័រ ១គ្រឿង ឈើប្រណិតទាំងពីរប្រភេទ និងបុរសឈ្មួញឈើ អ៊ុល សុខឡា ត្រូវបានបញ្ជូនទៅកាន់ផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ចាត់ការតាមច្បាប់។
មន្ត្រីជំនាញបានបញ្ជាក់ថា រថយន្តឡង់គ្រីស័រ ១គ្រឿងនេះ ពណ៌ពិតប្រាកដ គឺពណ៌ស ត្រូវបានបិទស្កុតក្លែងជាពណ៌ទឹកប្រាក់ ។ចំណែក ស្លាកលេខ ដែលពាក់ជាប់នឹងរថយន្ត ភ្នំពេញ 2AC-8538 គឺជាស្លាកលេខក្លែងក្លាយ៕ ដោយ៖ឡុង សំបូរ