(ប៉ៃលិន)៖ នេះជាការលើកឡើង របស់ឯកឧត្តម អ៊ី ឈាន បេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ មណ្ឌលប៉ៃលិន ក្នុងឪកាសដែលឯកឧត្តម ដឹកនាំក្រុមការងារ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស ចំនួនជាង ៦០០នាក់ នៅភូមិភ្នំកុយ ភូមិសំបូរ ភូមិភ្នំស្ពង់ និងភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី០៦ នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។ឯកឧត្តម អ៊ី ឈាន បេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ មណ្ឌលប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រយៈពេលជាង ៤០ឆ្នាំមកហើយ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយ ដែលបានរួមសុខរួមទុក្ខ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ និងធ្វើឲ្យពិភពលោកស្គាល់ប្រទេសកម្ពុជា ពីការអភិវឌ្ឍន៍រីកចំរើន ហើយមិនដែលរត់ចោលបងប្អូនប្រជាពលរដ្ឋម្ដងណានោះទេ គណបក្សប្រជាជនកម្ពុជា បានលះបង់ និងប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋកម្ពុជា និងបានកសាងអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែ រីក ចម្រើនទ្វេឡើង បន្ទាប់ពីបានរំដោះប្រជាពលរដ្ឋពីការកាប់សំលាប់របស់របបខ្មែរក្រហម ពោលយើងបានផ្លាស់ប្ដូរ ពី ប្រទេសដែលក្រីក្រ មកជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើន និងប្រកាន់យករបបប្រជាធិបតេយ្យ ។
ឯកឧត្តមបេក្ខជនតំណាងរាស្ត្រ បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីក ចម្រើន លើគ្រប់វិស័យ ហើយនៅតាមបណ្តាមូលដ្ឋានឃុំ-សង្កាត់ សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយ អាណត្តិ មិនដែលមានគណបក្សណាអាចធ្វើបាននោះឡើយក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាស់ទុំ ខាងផ្នែកនយោបាយ និងមានបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ។
ឯកឧត្តម អ៊ី ឈាន ក៍បានមានប្រសាសន៍អំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយបោះឆ្នោតជូនគណបក្ស ប្រជាជន កម្ពុជា ដើម្បីឱ្យប្រទេសជាតិយើងកាន់តែ មាន ការអភិវឌ្ឍន៍រីកចម្រើនថែមទៀត «មានគណបក្សប្រជាជនកម្ពុជា មានសុខ សន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ» ជាពិសេសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនា ពេលអនាគត ៕
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន និងក្រុមការងារ ក៍បានបង្រៀនសមាជិក សមាជិកា អំពីការគូស សន្លឹកឆ្នោតដែលត្រឹមត្រូវ ដែលមានលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសម្គាល់នៅក្នុងសន្លឹកឆ្នោត ដើម្បីបាន បញ្ចេញ នូវឆន្ទះ ក្នុងការគាំទ្រគណបក្ស ប្រជាជនកម្ពុជា ឱ្យទទួលជ័យជំនះរាល់ការបោះឆ្នោតគ្រប់ៗអណត្តិផងដែរ ៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន