ស្រុកប្រាសាទបល្ល័ង្ក និងស្រុកប្រាសាទសំបូរ ទទួលបានកាដូថ្មីពីរាជរដ្ឋាភិបាលកម្ពុជាគឺផ្លូវក្រាលកៅស៊ូមួយខ្សែមានប្រវែង១២គីឡូម៉ែត្រ និង៤០០ម៉ែត្រ ចំណាយ​ថវិកាជាង២លានដុល្លារសហរដ្ឋអាមេរិក

0

(កំពង់ធំ)÷នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ឯកឧត្ដម គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃ លើគម្រោងការងារស្ថាបនាផ្លូវក្រាលកៅស៊ូមួយខ្សែដែលកំពុង់ដំណើរការសាងសង់ ស្ថិតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ឯកឧត្ដម គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ជាប្រវត្ថិសាស្ត្រមួយសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំដែលទទួល​បាននូវ​សមិទ្ធផល​ពីរាជរដ្ឋាភិបាលកម្ពុជា គឺផ្លូវក្រាលកៅស៊ូ ដែលតភ្ជាប់ពីទីរួមស្រុកប្រាសាទបល្ល័ង្ក ទៅស្រុកប្រាសាទសំបូរ ដែលជាតំបន់ប្រវត្តិសាស្រ្ត សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនានៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងងាយស្រួលសម្រាប់ធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម គុយ ឆាយ បានថ្លែងថា ផ្លូវជាសេដ្ឋកិច្ចដ៏សំខាន់​របស់ប្រទេសកម្ពុជា​ដែលតភ្ជាប់ពីតំបន់​សេដ្ឋកិច្ចនៃ​ច្រក​ផ្សេងៗ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើចរាចរណ៍ ជាពិសេសនៅក្នុងតំបន់នេះ ជាតំបន់សេដ្ឋកិច្ចកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដើម្បីភ្ជាប់ពីកន្លែង ដាំដុះទៅលក់នៅទីផ្សារសេរី មានភាពងាយស្រួល ចំណាយតិច ទាន់ពេលវេលា ម្យ៉ាងទៀតផ្លូវនេះជាសរសៃឈាមសេដ្ឋកិច្ចសម្រាប់អភិវឌ្ឍន៍លើគ្រប់វិស័យ ។

លោក ជិន ហ៊ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យតំណាងឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរនិងអរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ផ្លូវស្អាត ភ្លើង ស្ពាន ប្រព័ន្ធ ធារាសាស្ត្រស្រោចស្រព ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋក្នុងការរស់នៅ និងប្រកបរបរផ្សេងៗ នេះហើយជាយុទ្ធសាស្ត្រ និងជាចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់បំផុតលើបងប្អូនប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ។

សូមបញ្ជាក់ផងដែរថា សម្រាប់ផ្លូវក្រាកកៅស៊ូមួយខ្សែដែលកំពុងស្ថាបនា មានប្រវែង១២គីឡូម៉ែត្រ និង៤០០ម៉ែត្រ ទទឹង៧ម៉ែត្រ ចំណាយ​ថវិកាជាង២លានដុល្លារសហរដ្ឋអាមេរិក។ ផ្លូវក្រាលកៅស៊ូមួយខ្សែរគឺជាផ្លូវដែលមានសក្ដានុពលសេដ្ឋកិច្ចលើគ្រប់វិស័យ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងងាយស្រួលធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព។