សាកសពកុមារាម្នាក់លង់ទឹកនៅកំពង់ផែខេត្តស្ទឹងត្រែង បានរកឃើញវិញហើយនៅថ្ងៃនេះ បន្ទាប់ពីលិចលង់អស់រយៈពេល១ថ្ងៃ ១យប់នោះមក

0

ខេត្តស្ទឹងត្រែង៖ ក្រុមអ្នករុករកសាកសពកុមារាម្នាក់ ដែលបានលង់ទឹកស្លាប់នៅកំពង់ផែខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៧កក្កដាម្សិលមិញនោះ នៅម៉ោងប្រមាណជា ៨ព្រឹកថ្ងៃទី៨កក្កដា២០២៣នេះ បានរកឃើញវិញហើយ បន្ទាប់ពីជនរងគ្រោះ បានលិចលង់ចូលនៅទឹកទន្លេសេកុង អស់រយៈពេលប្រមាណ ២៤ម៉ោងនោះមក ។ ការរកឃើញសាកសពកុមារារងគ្រោះ គឺនៅនឹងកន្លែងលង់ទឹក នៃអតីតកំពង់ផែផ្លូវទឹក ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ម្តាយកុមារារងគ្រោះ លោកស្រី កែវ ពេជ្រ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ជឹម ពេជ្រសំណាង ហៅ ពយ ភេទប្រុស អាយុ ១៥ឆ្នាំ រៀនថ្នាក់ទី ៩ រស់នៅក្នុងបន្ទុកឪពុក-ម្តាយ ដែលមានទីលំនៅ នៅចំណុចច្រមុះជ្រូកចំការម៉ៃសាក់ ជិតវត្តទួលរាជានុកូលរតនារាម ហៅ (វត្តគីឡូលេខ៧) ស្ថិតនៅភូមិរាជានុកូល១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោកស្រី កែវ ពេជ្រ បានបញ្ជាក់ថា គ្រួសារលោកស្រី មានកូន ៣នាក់ ស្រី ២នាក់ និងជនរងគ្រោះ គឺជាកូនប្រុសទី៣ (កូនពៅ) ហើយនៅមុនពេលកើតហេតុ គេបានឃើញកូនប្រុសពៅរបស់គាត់ មានគ្នាពីរនាក់ជាមួយនឹងបងប្អូនជីដូនមួយ នាំគ្នាចូលមកក្នុងទីរួមខេត្ត ហើយលោកស្រីក៏មិននឹកស្មានថា ពួកគេបាននាំគ្នាមកចុះមុជទឹកនៅទីនេះ និងបណ្តាលឲ្យលង់ទឹកស្លាប់ យ៉ាងអាណោចអាធមអញ្ចឹងដែរ។

សូមជម្រាបថា នៅក្នុងហេតុការណ៍លង់ទឹកស្លាប់របស់ កុមារា  ជឹម ពេជ្រសំណាង ហៅ ពយ កាលពីថ្ងៃទី៧កក្កដាម្សិលមិញនោះ ដោយសារគ្រួសារជនរងគ្រោះ មានជីវភាពក្រលំបាក គណៈកម្មាការផ្សារ និងអាជីវករផ្សារស្ទឹងត្រែង បានរួមចិត្តរួមគំនិតគ្នាដើររៃអង្គាសថវិកាពីអាជីវករ នាំយកមកឧបត្ថម្ភជួយដល់គ្រួសារជនរងគ្រោះ ដើម្បីមានលទ្ធភាពទិញអុកស៊ីសែន និងជួលទូកសម្រាប់ចុះរាវរកសាកសព។

ប្រធានគណៈកម្មាការផ្សារសាមគ្គីស្ទឹងត្រែង លោក សឹង មុន្នីរ័ត្ន បានបញ្ជាក់ថា ដោយមើលឃើញពីភាពខ្វះខាតពិតប្រាកដ របស់ក្រុមគ្រួសារកុមារារងគ្រោះ ដោយសារលង់ទឹកស្លាប់នេះ លោកបានសុំយោបល់ថ្នាក់ដឹកនាំ និងបាននាំអាជីវករសកម្មជាច្រើននាក់ ដើម្បីដើររៃអង្គាសថវិកាពីអាជីវការផ្សារបានចំនួន ១លាន ៣ម៉ឺនរៀល យកមកប្រគល់ជូនគ្រួសារជនរងគ្រោះ ភ្លាមៗផងដែរ។ លោក សឹង មុន្នីរ័ត្ន បានបញ្ជាក់ថា ការចេះជួយចែករំលែកគ្នាក្នុងគ្រាលំបាក គឺជាកាយវិកាសប្បុរសធម៌ និងសកម្មភាពមនុស្សធម៌នៅក្នុងសង្គម ដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។

ម្តាយកុមារារងគ្រោះ លោកស្រី កែវ ពេជ្រ បានលើកម្រាមដៃ១០ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនប្រជាពលរដ្ឋ អាជីវករ និងគណៈកម្មាការផ្សារសាមគ្គីស្ទឹងត្រែង ទាំងអស់ ដែលបានបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួន យកមកជួយដល់គ្រួសារលោកស្រី ដែលកំពុងជួបប្រទះនឹងជីវភាពក្រលំបាក នៅក្នុងពេលនេះ។ លោកស្រី បានជូនពរដល់អាជីករផ្សារ គណៈកម្មាការផ្សារ និងប្រជាពលរដ្ឋ ដែលមានទឹកចិត្តសណ្តោសប្រណី មានមេត្តា ករុណាធម៌ទាំងអស់ បានជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ ទាំងលើការបំពេញកិច្ចការងារ និងការរកទទួលទាន សូមឲ្យមានបាន និងសុខចម្រុងចម្រើនជាលំដាប់។

នៅក្នុងខណៈនេះ សាកសពកុមារារងគ្រោះ ត្រូវបានក្រុមគ្រួសារ កំពុងរៀបចំទុកដាក់ ធ្វើបុណ្យទៅតាមប្រពៃណី នៅឯលំដ្ឋាននោះហើយ៕ដោយ៖ឡុង សំបូរ