ថ្ងៃនេះខួប ៦ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក

0

ប្រាសាទសំបូរព្រៃគុក បានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨កក្កដា២០២៧ និងនៅថ្ងៃទី៨កក្កដា២០២៣នេះ គឺជាខួប ៦ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (០៨កក្កដា២០១៧-០៨កក្កដា២០២៣)។

កំណត់ត្រាប្រវត្តិសាស្ត្រ បានចងក្រងទុកថា តំបន់ប្រាសាទសំបូរព្រៃគុក គឺជាអតីតរាជធានីខ្មែរឦសានបុរៈ ដែលជាទីក្រុងរដ្ឋបាលរបស់ឦសានវរ្ម័ន នៃនគរ ឬ អាណាចក្រចេនឡា សាងសង់ឡើងនៅចុងសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨ នៃគ្រឹស្តសករាជ។

ស្ថាបត្យកម្មក្បូរក្បាច់រចនាចម្លាក់លើប្រាសាទ ៨ជ្រុង មានប្រាសាទអណ្តែត និងសិលាចារឹក ព្រមទាំងសំណល់បុរាណវិទ្យា បានឆ្លុះបញ្ចាំងពីការរីកចម្រើន នៃអារ្យធម៌ខ្មែរ នាសម័យកាលដ៏សំខាន់នោះ មុនការកកើតនៃអាណាចក្រខ្មែរ នាសម័យអង្គរ។ តំបន់ប្រាសាទសំបូរព្រៃគុក ស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា បានស្នើដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ដ៏ចំណាស់មួយនេះ ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំសម្រេចលើកទី៤១ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៤ និង៣៧ល្ងាច ម៉ោងនៅទីក្រុង Krakow នៃប្រទេសប៉ូឡូញ ដែលត្រូវនឹងម៉ោង៩ និង៣៧យប់ ម៉ោងនៅ រាជធានីភ្នំពេញ។ ដូច្នេះ កិច្ចការពារបេតិកភ័ណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប សូមចូលរួមអភិរក្ស និងថែរក្សានូវមរតក វប្បធម៌ដ៏មានតម្លៃនេះ គង់វង្សតរៀងទៅ៕ដោយ៖ឡុង សំបូរ