(កំពង់ធំ)៖ មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈប្រជាពលរដ្ឋកំពុងដើរឃ្វាលគោ នៅក្នុងព្រៃ បានប្រទះឃើញសាកសពមនុស្សម្នាក់ ចងកសម្លាប់ខ្លួនមានសភាពស្អុយរលួយ។ ការប្រទះឃើញនេះនៅវេលាម៉ោងប្រមាណ០៨និង៥០នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចព្រៃមាត់អូរតំបន់ស្លង់ជ័យខាងត្បូង ឈាង
ខាងកើត ស្ថិតក្នុងភូមិធំ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
យោងតាមសាក្សីឈ្មោះ នាង កី ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិនីពេជ ឃុំនីពេជ ស្រុកកំពង់ស្វាយ បានឲ្យដឹងថា៖ នៅថ្ងៃខាងលើ ខ្លួនបានដើរឃ្វាលគោនៅចំណុចមាត់ព្រៃតាមមាត់អូរខាងត្បូងភូមិធំ ឃុំទួលគ្រើល ហើយក៏រុកព្រៃដេញគោឲ្យចូលផឹកទឹកអូរ ពេលនោះខ្លួនបានធំក្លិនស្អុយ ក៏ខំពិនិត្យរកមើល ស្រាប់តែឃើញដូចមនុស្សអង្គុយ នៅមាត់ច្រាំងអូរខាងកើត ខ្លួនក៏ដើរទៅមើលជិត ក៏ប្រទះឃើញមនុស្សចង ក និងខ្សែក្រវ៉ាត់ជាប់ដើមតាសែង ក្នុងលក្ខណៈពាក់កណ្តាលឈរ និងពាក់កណ្តាលអង្គុយ មិនដឹងស្លាប់ពីពេលណាទេ ឃើញដូចនោះខ្លួនក៏រាយការណ៍ជូនសមត្ថកិច្ចតែម្ដង ។
ប្រភពសមត្ថកិច្ចបានឲ្យដឹងដែរថា៖ ការពិនិត្យផ្នែកក្បាល ៖ សពបានចង ក និងខ្សែក្រវ៉ាត់ មានទិសដៅបញ្ឆិតផ្នែកខាងស្ដាំ ហើយផុយដាច់ឆ្អឹងក និងក្បាលដាច់ចេញពីគ្នា ជាប់ដោយសារស្បែកក និងខ្សែក្រវ៉ាត់ជាចំណង នៅជាប់ដើមឈើ សពមានសភាពផុយរលួយឆ្អឹងមុខ ជ្រុះធ្មេញ មើលមិនស្គាល់។ ផ្នែកដងខ្លួន និងអវ:យវ: សពស្លៀកខោខូវប៊យជើងវែង ពណ៌ប្រផេះ ពាក់អាវយឺតដៃខ្លីពណ៌ខ្មៅម៉ាក LV មានលាយផ្កាក្រចៅពណ៌ ស គ្មានស្លៀកខោក្នុង សពមានសភាព ផុយរលួយសាច់ ។
ប្រភពដដែលបន្តឲ្យដឹងទៀតថា៖ តាមការស្រាវជ្រាវ ស៊ើបអង្កេតព័ត៌មានជុំវិញកន្លែងកើតហេតុ និងសាកសព សន្និដ្ឋានថា សពជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាត(ចងក)។ បច្ចុប្បន្នសពបានត្រូវបានរក្សាទុកនៅកន្លែង កើតហេតុរងចាំសាច់ញាតិមកទទួលយក ។
ទាំងនេះគឺជាសេចក្តីជូនដំណឹងមួយ ជូនដល់ប្រជាពលរដ្ឋដែលបាត់សមាជិកនៅក្នុងក្រុមគ្រួសារ ដែលមានភិនភាគដូចជម្រាបជូនខាងលើសូមទំនាក់ទំនង អធិការរដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក ។