មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្រើនរំលឹកដល់យោធិនដែលឈរេជើង នៅជាប់តំបន់ព្រំដែនកម្ពុជា-ថៃ និងឡាវ ត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសឆ្លងដែន ពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់

0

ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿន ក្រើនរំលឹក ដល់យោធិន នៃអង្គភាពចំណុះទាំងអស់ ដែលមានមូលដ្ឋានការពារបូរណភាពទឹកដី នៅជាប់ព្រំដែនកម្ពុជា-ថៃ និងឡាវរបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា ប្រចាំខែមិថុនាឆ្នាំ២០២៣ និងដាក់ចេញទិសដៅ ការងារយោធាប្រចាំ  ខែកក្កដាឆ្នាំ២០២៣ និងការបំពាក់ឋានន្ដរសក្ដិ ផ្លាស់ប្តូរតួនាទី និងប្រគល់សេចក្ដីសម្រេច តែងតាំងមុខងារ ដល់នាយទាហាន របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។

ពិធីដែលបានធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នោះ ក៏មានការចូលរួមពី មេបញ្ជាការរង និងនាយសេនាធិការ នាយសេនាធិការរង នៃតំបន់ប្រតិបត្តិការសឹករងព្រះវហារ មេបញ្ជាការវរសេនាតូចទាំង២ មេបញ្ជាការផ្នែកសឹករងក្រុង និងស្រុកទាំង៨ នាយការិយាល័យ នាយផ្នែក និងមេបញ្ជាការកងអនុសេនាធំ ផងដែរ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានដាក់ចេញផែនការមួយចំនួន ដើម្បីអនុវត្តបន្ដចំពោះមុខ និងបានក្រើនរំលឹក ដល់តាមបណ្ដាអង្គភាព ដែលនៅជាប់ព្រំដែន កម្ពុជា-ថៃ និងឡាវ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ រាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើង នៅក្នុងតំបន់ភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួន ជាពិសេសបទល្មើសគ្រឿងញៀន និងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អ ជាមួយ ប្រទេសជិតខាង ត្រូវក្តាប់ឲ្យជាប់អំពីសុខភាពរបស់បងប្អូនយោធិន និងគ្រួសារយោធិន នៅតំបន់ព្រំដែននៃប្រទេសទាំងពីរនោះ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបន្តក្រើនរំលឹកដល់យោធិនទាំងអស់ ត្រូវបង្កើនការដាំដុះ បង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីដោះស្រាយបន្ថែម លើគោលរបបហូបចុកប្រចាំថ្ងៃ ហើយយោធិនទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន។ ចំណែក មេបញ្ជាការផ្នែកសឹករងក្រុង និងស្រុកទាំង៨ ត្រូវតែដឹងពីបញ្ហាសុខទក្ខ និងការរស់នៅរបស់ គ្រួសារអតីតយុទ្ធជន នៅតាមមូលដ្ឋានឲ្យបានល្អ ដើម្បីបំពេញតម្រូវការខ្វះខាតណាមួយ ដែលកើតឡើងជាយកថាហេតុរបស់ពួកគាត់។

ស្របពេលជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ បានក្រើនរំលឹកដល់នាយទាហាន ដែលទើបត្រូវបានផ្លាស់ប្ដូរមុខតំណែងថ្មី និងបំពាក់ឋានន្ដរសក្ដិនាពេលនោះ ត្រូវបង្កើនការយកចិត្តទុកដាក់ សហការឯកភាពគ្នា ខិតខំបំពេញការងារតាមមុខតួនាទីរៀងៗខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវភារកិច្ច ដែលថ្នាក់លើប្រគល់ជូន សម្រាប់បម្រើបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានជំរុញដល់យោធិន នៅគ្រប់បណ្តាអង្គភាពចំណុះ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ទាំងអស់ ត្រូវបន្តពង្រឹងលើការហ្វឹកហាត់នូវក្បួនយុទ្ធសាស្ត្រយោធាបន្ថែមទៀត ដើម្បីបង្កើនចំណេះដឹង និងជំនាញ ត្រូវពង្រឹងលើការអប់រំសតិអារម្មណ៍របស់ខ្លួន ត្រូវបំផុសចលនាប្រឡងប្រណាំង និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានរឹងមាំ និងល្អប្រសើរជាងនេះ ថែមទៀត៕ដោយ៖ឡុង សំបូរ