អភិបាលខេត្តកែបដាក់៣ចំណុច ឲ្យមន្រ្តីសុរិយោដីយកទៅអនុវត្តន៍មុនចុះវាស់វែងដីជូនពលរដ្ឋនៅភូមិចំការបី

0

សេង ណារិទ្ធ
ខេត្តកែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់៣ចំណុច សម្រាប់ក្រុមការងារបច្ចេកទេសយកទៅអនុវត្តន៍ក្នុងដំណើរការ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិចំការបី ទី១-មិនអាចចេញប័ណ្ណកម្មសិទ្ធិដោយគ្មានឯកសារបញ្ជាក់បាននោះទេ ២-ដីព្រៃលិចទឹក ដីគម្របព្រៃឈើមិនអាចវាស់វែងបានទេ ៣-ក្នុងការវាស់វែងដីត្រូវទុកផ្លូវចាប់ពី៨ម៉ែត្រឡើងទៅ។

ឯកឧត្តមបណ្ឌិត លើកឡើងដូចនេះក្នុងពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធស្ថិត នៅក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បញ្ជាក់ថា ក្រោយពីការចុះបញ្ជីដីធ្លីនេះរួច ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី នឹងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ប្រើប្រាស់ អាស្រ័យផល មិនត្រឹមតែប៉ុណ្ណោះបណ្ណកម្មសិទ្ធិនេះ គឺជាឯកសារគត្តិយុត្តសម្រាប់ជាការសំអាង នៅពេលមានបញ្ហាផ្សេងៗកើតឡើង បញ្ជាក់ថាខ្លួនជាម្ចាស់ដីធ្លីពិតប្រាកដ។

ក្នុងនោះ ឯកឧត្តមបានបញ្ជាក់ធ្ងន់ដែរថា បើមន្រ្តីសុរិយោដីមួយណា ដែលទាមទារលុយកាក់ ដើម្បីចុះវាស់វែងដីធ្លីជូនបងប្អូន ត្រូវរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរ ឬមកកាន់លោកផ្ទាល់ ដើម្បីមានវិធានការជាមួយមន្រ្តីរូបនោះ។

លោក ឈុំ ម៉ានី ប្រធានស្តីទី នៃមន្ទីររៀបចំដែនដីនគរូបនីយ កម្មសំណង់ និងសុរិយោដីខេត្តកែប មានរបាយការណ៍ថា ការអនុវត្តចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត សរុបបានចំនួន១៨ភូមិ  ចែកប័ណ្ណកម្មសិទ្ធិបាន១៣ភូមិ ៤ភូមិ ទៀតរៀបចំបិទផ្សាយ និង០១ភូមិ គឺភូមិចំការបីកំពុងប្រកាសតំបន់វិនិច្ឆ័យដែលជាភូមិចុងក្រោយ៕