ឯកឧត្តម ជា ចាន់តូ អំពាវនាវដល់ ប្រជាពលរដ្ឋ គូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ គាំទ្រគណបក្សប្រជាជន ថែរក្សាសន្តិភាពនិងបន្តការអភិវឌ្ឍលើគ្រប់វិស័យ

0

(កំពង់ធំ)៖ ឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ   បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក គឺសន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រ គណបក្សប្រជាជនមួយសម្លេង និងបានចូលរួមចំណែកក្នុងអភិវឌ្ឍប្រទេសជាតិមានភាពរីកចម្រើន ។

ឯកឧត្តម ជា ចាន់តូ ថ្លែងបែបនេះក្នុងពីធីជួបសំណេះសំណាលជាមួយសមាជិកគណបក្ស ចំនួន៥២០នាក់ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងយុទ្ធនាការឃោសនា និងការគាំទ្របោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តទី៧។

ឯកឧត្តម ជា ចាន់តូ បានបន្តទៀតថា យើងទាំងអស់គ្នា ត្រូវនាំគ្នាថែរក្សាសុខភាពសន្តិភាព ដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគាំទ្របេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីនាថ្ងៃអនាគត និង
សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា(ទេវតាបាចផ្កា)មានលេខរៀងទី១៨។

ចុងក្រោយឯកឧត្ដម ជា ចាន់តូ បានគូសបញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានប្រែក្លាយទឹកដីអតីតសមរភូមិសង្គ្រាម ទៅជាតំបន់អភិវឌ្ឍន៍ និងតំបន់ពាណិជ្ជកម្ម ព្រមទាំងមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ផុសឡើងជាបន្តបន្ទាប់ ដូចជា៖ ផ្លូវ ស្ពាន សាលារៀន ការសិក្សាអប់រំ សុខភាពសាធារណៈ ប្រព័ន្ធទឹកស្អាត អគ្គិសនី ដែលបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។