ខេត្តព្រះវិហារ៖កម្លាំងផ្នែករដ្ឋបាលព្រៃឈើរវៀង នៃខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ចុះស្ទាក់ចាប់រថយន្តកែច្នៃទម្ងន់ ៥តោនមួយគ្រឿង ដែលបង្កប់ឈើពីក្រោម និងដាក់ធុងត្រីពីលើ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ។ប៉ុន្តែ សកម្មភាពល្មើសច្បាប់នោះ បានរងការបង្ក្រាបនៅម៉ោងជាង ១១យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ៦៣-៦៤ ត្រង់ចំណុចទួលអូរយាយមៀវ ស្ថិតក្នុងភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។
មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា រថយន្តដឹកឈើដែលរងការបង្ក្រាប នៅយប់មិញនោះ ជារថយន្តទម្ងន់ ៥តោន ដែលបានដឹកឈើបន្លំភ្នែកសមត្ថកិច្ច តាមរយៈកែច្នៃ ដោយដាក់ធុងត្រីពីលើ និងបង្កប់ឈើពីក្រោម ហើយរថយន្តមួយគ្រឿងនេះ សមត្ថកិច្ចបានតាមដានជាយូរមកហើយ រហូតមកដល់ពេលនេះ ទើបបង្ក្រាបបាន។
មន្ត្រីជំនាញបានបញ្ជាក់ថា ឈើដែលបង្កប់ដឹកតាមរថយន្តដឹកធុងត្រីនេះ ពណ៌ស ពាក់ស្លាកលេខ ញ-0649 ភព3 ចំណែកឈើនៅក្នុងរថយន្ត គឺជាប្រភេទឈើឃ្នាប ហើយរហូតមកទល់ពេលនេះ នៅមិនទាន់បានធ្វើការវាស់វែង និងដឹងពីចំនួនម៉ែត្រគូបនៅឡើយទេ ក្នុងមូលហេតុ មន្ត្រីជំនាញជាប់ចុះបំពេញកិច្ចការងារនៅកន្លែងផ្សេងៗទៀត។
ក្រោយការបង្ក្រាប រថយន្តដែលផ្ទុកបទល្មើសនោះ ត្រូវបានមន្ត្រីជំនាញនាំយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីកសាងនីតិវិធី បញ្ជូនទៅអនុវត្តតាមច្បាប់។
តាមសេចក្តីរាយការណ៍ពីភ្នាក់ងារមូលដ្ឋាន បានឲ្យដឹងថា នៅក្នុងខណៈពេលសមត្ថកិច្ចរដ្ឋបាលព្រៃឈើរវៀង កំពុងស្ទាក់ចាប់ និងបញ្ជូនរថយន្តដឹកឈើមួយគ្រឿងនេះ យកមករក្សាទុក ស្រាប់តែមានអ្នកបុណ្យសក្តិម្នាក់ ដែលមិនមែនជាអ្នកធំនៅក្នុងខេត្តព្រះវិហារ ខលតាមទូរស័ព្ទមកអន្តរាគមន៍ ដើម្បីសុំឲ្យមន្ត្រីរដ្ឋបាលព្រៃឈើរវៀង ធ្វើការដោះលែង។ តែទោះជាយ៉ាងនេះក៏ដោយចុះ ក៏នាយផ្នែករដ្ឋបាលព្រៃឈើរវៀង លោក ស៊ុំ ស៊ីវុត្ថា មិនយល់ព្រមតាមការអន្តរាគមន៍នោះដែរ។
ចំណែក រថយន្តមួយគ្រឿងនេះ ត្រូវគេរាយការណ៍ថា បានធ្វើសកម្មភាពដឹកជញ្ជូនឈើបន្លំភ្នែកសមត្ថកិច្ច មានរយៈពេលជាយូរមកហើយ ប៉ុន្តែ ពេលនេះត្រូវអស់ល័ក្ខ ហើយត្រូវបានសមត្ថកិច្ចចាប់បាន។ រីឯម្ចាស់រថយន្តដឹកឈើនេះ ក៏ត្រូវបានគេស្គាល់ឈ្មោះ ណាំ ចាន់ណា ជាអ្នករស់នៅក្នុងខេត្តកំពង់ចាម បានចូលមកដឹកឈើចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ និងនាំចូលទៅក្នុងខេត្តកំពង់ចាម ដើម្បីធ្វើជំនួញ៕ដោយ៖ឡុង សំបូរ