អភិបាលខេត្តកំពង់ចាម ចុះ ពិនិត្យវឌ្ឍនភាព នៃ ការសាងសង់ផ្លូវក្រាលកៅស៊ូ DBST ប្រវែង១២គីឡូម៉ែត្រ ក្នុង ឃុំអូរស្វាយ និង ឃុំស្រក ស្រុកកំពង់សៀម

0

កំពង់ចាម : លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣ នេះ បាន អញ្ជើញ ចុះ ពិនិត្យ វឌ្ឍនភាព នៃការ សាងសង់ផ្លូវក្រាលកៅស៊ូDBST ១ខ្សែ ប្រវែង ១២គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៧១ ភូមិអន្លង់ស្នូក ឃុំអូរស្វាយ ដល់ភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ដើម្បី បង្ក លក្ខណៈ ងាយស្រួល ដល់ ការធ្វើដំណើរ ក៏ដូចជា ការ ដឹកជញ្ជូន កសិផលទៅកាន់ទីផ្សារ សំដៅលើកកម្ពស់កម្រិតជីវភាព រស់នៅ របស់ បងប្អូន ប្រជាពលរដ្ឋ ។

លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម បានឱ្យដឹងថា ស្រុកកំពង់សៀម ទទួលបានផ្លូវក្រាលកៅស៊ូប្រវែងសរុប ១១,៦០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ឆ្លងកាត់ឃុំអូរស្វាយមានប្រវែង ៦,០០០ម៉ែត្រ កាត់ចំនួន ៣ភូមិ គឺភូមិអន្លង់ស្នូក ភូមិអូរស្វាយ និងភូមិត្រពាំងកក់ ដែលមានប្រជាពលរដ្ឋ ៤,២៣៩នាក់ ស្មើនិង ៩៥១គ្រួសារ   និងឃុំស្រក មានប្រវែង ៥,៦០០ម៉ែត្រ កាត់ចំនួន ២ភូមិ គឺ ភូមិព្រៃគុយ និងភូមិល្ពាក មានប្រជាពលរដ្ឋ សរុប ៤,២៥៧នាក់ ស្មើនឹង ៩៩៧គ្រួសារ និងផ្លូវបេតុងអាមេចូលសាលាបឋមសិក្សាអន្លង់ស្នូក ប្រវែង ២២៤ម៉ែត្រ ទទឹង ៥ម៉ែត្រ ។

គួររំលឹក ថា ក្នុង ពិធី បើកការដ្ឋាន សាងសង់ ផ្លូវក្រាលកៅស៊ូ ខាងលើ កាលពី ដើម ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់ក្រុមការងារបច្ចេកទេស សាងសង់ ធ្វើយ៉ាងណាត្រូវស្ថាបនាផ្លូវមួយខ្សែនេះ ឱ្យត្រូវតាមបទដ្ឋានបច្ចេកទេស និងត្រូវសម្រេចឱ្យបានរួចរាល់មុនផែនការ នៅមុនពេលបោះឆ្នោត ជ្រេីសតាំង តំណាង រាស្ត្រ អាណត្តិ ទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទើបមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ ជាក់ស្ដែងការស្ថាបនាផ្លូវមួយខ្សែខាងលើនេះ ដែលជាសរសឈាមនៃសេដ្ឋកិច្ច យ៉ាង សំខាន់ ដោយមានផ្លូវមានក្តីសង្ឃឹម ទីណាមានការអភិវឌ្ឍន៍ទៅដល់ ទីនោះតែង តែមានការរីកចម្រើន ហេីយជីវភាពប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ជាបន្តបន្ទាប់ ។

គួរកត់សម្គាល់ថា ក្នុង ឱកាស ចុះ ពិនិត្យ ស្ថានភាព ផ្លូវ ខាងលើ នេះ ផងដែរ បងប្អូន ប្រជាពលរដ្ឋ បាន សំដែង នូវ អារម្មណ៍ សប្បាយ រីករាយ ទទួល ស្វាគមន៍ ឯកឧត្ដម អភិបាលខេត្តកំពង់ចាម និង ក្រុម ការងារ ទាំង អស់ ព្រោះ យល់ ឃើញ ថា សុខសន្តិភាព បាន នាំ មក នូវ ការ អភិវឌ្ឍ រីកចម្រើន ជាបន្តបន្ទាប់ ដូច្នេះ គាត់ បាន ប្តេជ្ញា នាំ គ្នា ទៅ បោះឆ្នោត នាថ្ងៃ ទី ២៣ ខែកក្កដា ឆ្នាំ ២០៣ ខាងមុខ នេះ ដេីម្បី ការពារ សុខសន្តិភាព និង នាំមក នូវ ការ អភិវឌ្ឍ លើ គ្រប់ វិស័យ បន្ត ទៀត ៕