ឯកឧត្តម ឃឹង នុភាព ដឹកនាំក្បួនយុទ្ឋនាការឃោសនារកសំឡេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ជាលើកទី៣ នៅឃុំឈូក ស្រុកប្រាសាទសំបូរ

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឃឹង នុភាព ប្រធានក្រុមការងាររបស់គណបក្ស ប្រជាជនកម្ពុជាចុះជួយស្រុកប្រាសាទសំបូរ  អមដំណើរដោយលោកជំទាវ ង៉ែត ណារីន ប្រធានក្រុមការងារចុះជួយឃុំឈូក បានដឹកនាំយុទ្ឋនាកា រ ឃោសនាបោះឆ្នោតរយៈពេល១៥ថ្ងៃ កន្លងមក ហើយបានដាក់ចេញនូវទិសដៅបន្តក្នុងការឃោសនាប្រចាំថ្ងៃ ដើម្បីត្រៀមបិទយុទ្ធនាការឃោសនាបោះឆ្នោតនាពេលខាងមុខ និងដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាលើកទី៣ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣  នៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

លោកជំទាវ ង៉ែត ណារីន ប្រធានក្រុមការងារចុះជួយឃុំឈូកបានឡើងធ្វើរបាយការណ៍អំពីលទ្ធផលក្នុងការអនុវត្តសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងទូទាំងឃុំកន្លងមក តាមប្រតិទិនរបស់គណៈកម្មការឃុំរៀបចំការបោះឆ្នោតទទួលបានជោគជ័យ ដោយមានប្រជាពលរដ្ឋគាំទ្រយ៉ាងច្រើនកុះករចំពោះគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម ឃឹង នុភាព បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមូលដ្ឋានឃុំ/ភូមិ រួមជាមួយគណបក្សឃុំ សាខាបក្សភូមិ ដែលបានយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតប្រចាំថ្ងៃនៅតាមភូមិនីមួយៗ ព្រមទាំងរៀបចំការដង្ហែក្បួនធំចំនួន២លើករួចមកហើយទទួលបានជោគជ័យ ដោយមានការគាំទ្រស្វាគមន៍យ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ ចំពោះគណបក្សប្រជាជនកម្ពុជា។

ប្រធានក្រុមការងាររបស់គណបក្ស ប្រជាជនកម្ពុជាចុះជួយស្រុកប្រាសាទសំបូរ បានណែនាំនូវភារកិច្ចមួយចំនួនក្នុងការបន្តអនុវត្តតាមប្រតិទិន នៃយុទ្ធនាការឃោសនាបោះឆ្នោតប្រចាំថ្ងៃ នៅតាមភូមិនីមួយៗ និងត្រូវត្រៀមខ្លួន មធ្យោបាយធ្វើដំណើរ ព្រមទាំងកិច្ចការធានាផ្សេងៗសម្រាប់ចូលរួមក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

នៅក្នុងឱកាសនេះផងដែរឯកឧត្តមឃឹង នុភាព  បានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមមេត្តាអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត  នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។  ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនាំមកនូវសន្តិភាព  និងការឯកភាពជាតិពេញលេញជូនប្រជាជនកម្ពុជា  ព្រមទាំងបាននិងកំពុងដំណើរការអភិវឌ្ឍប្រទេសជាតិយើង  ឱ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ។

ក្រោយបញ្ចប់ពិធីជួបជុំឯកឧត្តម ឃឹង នុភាព ប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយស្រុកប្រាសាទសំបូរ បានដឹកនាំដង្ហែក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជននៅតាមដងផ្លូវ ហើយត្រូវបានប្រជាជននៅនៅតាមមូលដ្ឋានភូមិនានានៅទូទាំងឃុំ អបអរសាទរស្វាគមន៍  និងសូមជូនពរ សូមឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះ៕