ឯកឧត្ដម អ៊ុន ចាន់ដា ប្រាប់អាជីវករ ពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដោយមានការប្រុងប្រយ័ត្ន បេីខូចសុំផ្លាស់ប្ដូរថ្មីបាន

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានពន្យល់ប្រាប់បងប្អូនអាជីវករ ពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដោយមានការប្រុងប្រយ័ត្ន បេីមានការខូចខាត យេីងត្រូវសុំផ្លាស់ប្ដូរយកសន្លឹកឆ្នោតថ្មីភ្លាមៗ គឺត្រូវគូសឱ្យចំក្នុងប្រអប់បួនជ្រុង ធ្វើយ៉ាងណាកុំឱ្យគូសលយចេញក្រៅ ពោលគឺត្រូវរក្សាគោលជំហរ អ្នកគាំទ្រគណបក្សប្រជាជនម្នាក់ រាប់ជាសន្លឹកឆ្នោតបានការ ១សន្លឹក ។ ការថ្លែងបែបនេះក្នុងឱកាសចុះសួរសុខទុក្ខបងប្អូនអាជីវករផ្សារធំ និងផ្សារសាមគ្គី ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមប្រធានគណបក្សខេត្ត បានសម្តែងនូវការថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលតែងតែផ្តល់យុត្តិធម៌ និងបានគាំទ្រជឿជាក់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក ព្រមទាំងបានប្តេជ្ញាចូលរួមបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ពិសេសប្ដេជ្ញាគាំទ្រ បេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅអាណត្តិនេះ និង អាណត្តិបន្តបន្ទាប់ និងប្តេជ្ញាគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ។

ជាមួយគ្នានោះ បងប្អូនអាជីវករក្នុងផ្សារទាំង២ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងប្រកបដោយភាពស្និទ្ធស្នាល ខណៈអាជ្ញាធរខេត្តកំពង់ចាម ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្ដម អ៊ុន ចាន់ដា បានធ្វើការកសាងដំបូលផ្សារ និងប្រព័ន្ធរំដោះទឹក ក៏ដូចជាការអភិវឌ្ឍក្នុងផ្សារ ដើម្បីកែលំអរបរិយាកាសនៃការលក់ដូរ ដោយផ្តល់នូវផាសុខភាព ជូនអាជីវករ បងប្អូនប្រជាពលរដ្ឋ ផងដែរ ។

គួរបញ្ជាក់ថា គួរបញ្ជាក់ទៀតថា ផ្សារទាំង៣ក្នុងក្រុងកំពង់ចាមនេះ គឺផ្សារធំ និងផ្សារសាមគ្គី ត្រូវបានគ្រប់គ្រងដោយគណៈអាជីវករផ្សារ ដែលបានបោះឆ្នោតជ្រើសរើសឡើងដោយបងប្អូនអាជីវករ អ្នកលក់ដូរ ក្នុងផ្សារនីមួយៗដោយផ្ទាល់នាពេលកន្លងមក ។ គេសង្កេតឃើញថា ការគ្រប់គ្រងផ្សារមានសណ្តាប់ធ្នាប់ និងអនាម័យ ហេីយការទារថ្លៃភាស៊ីប្រកបដោយភាពរីកចម្រើន និងអភិវឌ្ឍន៍ ដោយចំណូលដែលបានមកពីការការប្រមូលភាស៊ី ត្រូវបានយកទៅជួសជុល កសាង រៀបចំសណ្តាប់ធ្នាប់ ក្នុងផ្សារកាន់តែមានភាពល្អប្រសើរឡើង ទៅតាមការប្តេជ្ញាចិត្តរបស់គណៈអាជីវករ ចំពោះការយកពន្ធដាគឺខាងសាលាក្រុងលែងទទួលយកទៀតដែរ ដោយអនុគ្រោះទៅឲ្យគណៈអាជីវករ ដេីម្បីយកថវិកាទាំងអស់នោះទៅធ្វើការដោះស្រាយ ក្នុងការកសាងអភិវឌ្ឍន៍ផ្សារជាបន្តបន្ទាប់ផងដែរ ៕