ឯកឧត្តម យឹម លាត ÷បានជំរុញឲ្យសមាជិកសមាជិកាទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨

0

(កំពង់ធំ)៖ ឯកឧត្តម យឹម លាត តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក រួមជាមួយសហការីនិងមន្ត្រីរាជការមន្ត្រីនៅថ្នាក់ជាតិ ខេត្ត ថ្នាក់ស្រុក និងមូលដ្ឋាន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាប្រធាន និងអនុប្រធានក្រុមបក្សគណបក្សប្រជាជនកម្ពុជាក្នុងភូមិទាំង៤នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្នុងភូមិដងអន្ទាក់ ឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់បេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាសម្រាប់មណ្ឌលខេត្តកំពង់ធំ និងលោក លោកស្រី ជាអនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈបក្សស្រុក ប្រធាន អនុប្រធានគណបក្សស្រុកប្រាសាទបល្ល័ង្ក គណៈសាខាបក្សភូមិទាំង៤ ព្រមទាំងមន្ត្រីមូលដ្ឋានក្នុងឃុំសាលាវិស័យសរុបមានអ្នកចូលរួមប្រមាណជាង ៣៥០នាក់។

ក្នុងអង្គពិធីនេះ លោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យបានធ្វើរបាយការណ៍ពីស្ថានភាពទូទៅ និងស្ថានការណ៍ជាក់ស្តែង នៃជីវភាពរស់នៅរបស់ប្រជាជន នៅមូលដ្ឋាន។

ឯកឧត្តម យឹម លាត បានថ្លែងមតិសំណេះសំណាលជាមួយអ្នកចូលរួមក្នុងអង្គពិធីទាំងមូល ដោយសង្កត់ធ្ងន់ពីការងារបន្ទាន់ក្នុងការយកចិត្តទុកដាក់គ្រប់គ្រងសហគមន៍ និងលើកទឹកចិត្តការពង្រឹងពង្រីកសមាជិកបក្ស តាមក្រុមនីមួយៗឱ្យបានល្អ បង្កលក្ខណៈឱ្យបងប្អូនរួមសាមគ្គីគ្នា ជួយថែរក្សាគ្នា និងយល់ទុក្ខធុរៈគ្នាទៅវិញទៅមក បន្តជំរុញចលនាសកម្មភាពធ្វើអំពើល្អនៅមូលដ្ឋានជាប្រចាំ និងព្យាយាមដោះស្រាយរាល់ការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ។ ចំពោះមុខត្រូវជួយយកអាសារទំនុកបំរុងជីវភាព ប្រជាជនរងគ្រោះដោយផលប៉ះពាល់ពីកូវីដ-១៩ និងពីវិបត្តិផ្សេងៗទៀតឱ្យបានជាប់ជាប្រចាំ ដើម្បីរួមចំណែកកាន់តែរឹងមាំ របស់គណបក្សប្រជាជនកម្ពុជា តាមមូលដ្ឋាននៅទូទាំងប្រទេស។

ឯកឧត្តម យឹម លាត តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានបន្តទៀតថា ទន្ទឹមនេះ ត្រូវចូលរួមយ៉ាងសកម្មលើកកម្ពស់ ឥទ្ធិពលកិត្យានុភាពល្បីរន្ទឺក្លៀវក្លា របស់កម្ពុជានាពេលបច្ចុប្បន្ន ក្រោមការដឹកនាំនៃរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានប្រយុទ្ធឈ្នះកូវីដ-១៩ និងកំពុងនាំសេដ្ឋកិច្ច ជីវភាពសង្គមជាតិ វិលមកកាន់ប្រក្រតីភាពជាធម្មតាឡើងវិញ ហើយបានទទួលជោគជ័យដ៏ត្រចះត្រចង់ បង្កើតស្នាដៃធំធេងជាប្រវត្តិសាស្ត្រ លើឆាកអន្តរជាតិក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន កាលពីខែវិច្ឆិកា ឆ្នាំ២០២២ និងជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។ ជ័យជំនះធំធេងថ្មីៗនេះ នឹងក្លាយជាឈ្នួនជំរុញសន្ទុះវាយសំរុកកាន់តែខ្លាំងក្លា របស់គណបក្សយើង ដើម្បីដណ្តើមជ័យជំនះទាំងស្រុង សម្រាប់ការបោះឆ្នោតជាតិនាពេលដ៏ខ្លីខាងមុខ ជាក់ជាមិនខាន។

ជាចុងក្រោយ ជាមួយនឹងការចុះជួបសំណេះសំណាលនាឱកាសនោះបងប្អូនប្រជាពលរដ្ឋទាំងអស់បានបង្ហាញការស្វាគមន៍ និងប្តេជ្ញាចិត្តព្រមៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ដើម្បីឱ្យសម្តេចតេជោ បានបន្តដឹកនាំប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៅទៀត។