(កំពង់ធំ)÷ នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣
លោក ឈឹម ច័ន្ទកុសល អគ្គបេឡារងធនាគារជាតិ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា ព្រមទាំងបុត្រធីតានិងចៅៗ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ព្រមទាំងក្រុមការងារ បានអញ្ជើញនាំយកទៀនវស្សា គ្រឿងឧបភោគបរិភោគ ទេយ្យទាននិងបច្ច័យមួយចំនួន មកប្រគេនព្រះសង្ឃព្រះគ្រូចៅអធិការវត្តចំនួន៣វត្តគឺ វត្តពោធិដំណាក់ ស្ថិតនៅក្នុងភូមិចំណាក់ ឃុំចំណាកក្រោម ព្រះគ្រូចៅអធិការ ព្រះសង្ឃស្ថិតនៅក្នុងវត្តក្រសាំងតេនហៅវត្តល្វា និងព្រះចៅអធិការព្រះសង្ឃអាចារ្យគណៈកម្មការវត្តព្រះឥន្ទឧទ្យាន(ហៅវត្តដូនល្អ) ស្ថិតនៅក្នុងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលត្រៀមគង់ចាំព្រះវស្សាក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ។
ក្នុងឱកាសនោះដែរលោក ឈឹម ច៏ន្ទកុសល បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ជា ចាន់តូ និងលោកជំទាវ តែងតែមានការនឹករលឹក យកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នានៅក្នុងស្រុកស្ទោងជារៀងរហូតមក ទោះគាត់មិនបានអញ្ជើញមកផ្ទាល់ គឺឯកឧត្តមបានចាត់អ្នកតំណាងដើម្បីយកមកប្រគេនជូនព្រះសង្ឃដើម្បីត្រៀមចូលព្រះវស្សា។
ជាមួយនេះផងដែរលោក ឈឹម ច៏ន្ទកុសល បានលើកទឹកចិត្តដល់ព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការ លោកតា លោកយាយ គ្រប់វត្ត ដែលតែងតែអុជធូប ទៀន ជាពិសេសទៀនព្រះវស្សានៅក្នុងអំឡុងពេលកាន់ព្រះវស្សាខាងមុខនេះ។ សូមមានការប្រុងប្រយ័ត្នខ្ពស់ទៅលើសុវត្ថិភាព ដើម្បីចៀសវាងនូវឧបហេតុឬក៏គ្រោះអគ្គីភ័យផ្សេងៗដែលអាចបង្កការខូចខាតដល់វត្តអារាម។
ឱកាសនោះដែល លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងចំពោះព្រះគ្រូចៅអធិការ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្តក៏ដូចជាអាជ្ញាធរដែនដី សូមគោរពថ្លែងអំណរគុណ និងជូនពរឯកឧត្តមបណ្ឌិតនិងលោកជំទាវព្រមទាំងបុត្រធីតានិងចៅៗ និងសហការីសូមបានជួបប្រកបនូវពុទ្ធពរទាំងបួន ប្រការកុំបីអាក់ខានឡើយ។
គូបញ្ជាក់ផងដែរថា វត្តចំនួន៣ក្នុងមួយវត្តៗ ទទួលបាន: ទៀនព្រះវស្សា២គូ អង្ករ៥០គីឡូក្រាម មី០៥កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកសុទ្ធ០១កេស និងបច្ច័យចំនួន២០០.០០០រៀលផងដែរ។