ខេត្តព្រះវិហារ៖ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹង នាយទាហាន នាយទាហានរង និងពលទាហាន និងហ្វឹកហ្វឺនម្ចាស់ការនៅហ្នឹងកន្លែង យុទ្ធវិធីថ្នាក់ពួក ក្រុមកងអនុសេនាតូច ឆ្នាំ២០២៣ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅថ្ងៃទី១៩កក្កដា២០២៣នេះ នៅទីបញ្ជាការវរសេនាតូចលេខ១ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
វគ្គហ្វឹកហ្វឺនបំប៉ន និងពង្រឹងសមត្ថភាពយោធា ដែលបានធ្វើឡើងនៅថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពី នាយរងសេនាធិការយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ត្រី ជាតិ ចាម តំណាង លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ,មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ,ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត នាយទាហាន នាយទាហានរង និងពលទាហាន ដ៏ច្រើនកុះករ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា វគ្គបំប៉នពង្រឹងសមត្ថភាព យោធាប្រចាំឆ្នាំ ២០២៣ ដែលបានធ្វើឡើងនៅពេលនេះ គឺមានរយៈពេល ៣ខែ ស្មើ៩១ថ្ងៃ ដោយចាប់ផ្តើមហ្វឹកហាត់ពីថ្ងៃទី ១៩ ខែកក្កដា រហូតដល់ថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២៣ ដោយមានសិក្ខាកាមចូលរួមចំនួន ១០០នាក់ និងគ្រូយោធាចារ្យ ៣១នាក់ សរុប ១៣១នាក់ ដែលយោធិនទាំងអស់ មកពីតាមបណ្ដាកងឯកភាពចំណុះ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានថ្លែងទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្តេច បានយកចិត្តទុកដាក់ ដោះស្រាយរាល់ការលំបាកជូនកងយោធពលខេមរភូមិន្ទ និងចាត់ទុកវិស័យការពារជាតិ ជាវិស័យមួយមានអាទិភាពខ្ពស់បំផុត ក្នុងការងារការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនពង្រឹងយោធានៅថ្ងៃនេះ អាចដំណើរការទៅបាន គឺអាស្រ័យដោយមានការជួយឧបត្ថម្ភថវិកា ជាពិសេសពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក និងលោកអភិបាលខេត្ត ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ មេបញ្ជាការបានបញ្ជាក់ទៀតថា ដោយមានគោលការណ៍ដឹកនាំពីមេបញ្ជាការយោធភូមិភាគទី៤ ដែលជានិច្ចជាកាលតែងតែផ្តល់ នូវការរំលឹកដាស់តឿនលើការងារហ្វឹកហ្វឺនបំប៉នជំនាញ គ្រប់លំដាប់ថ្នាក់ គ្រប់កងឯកភាព ហ្វឹកហ្វឺនជាប្រចាំ សំដៅឱ្យកងទ័ពមានសមត្ថភាព គុណភាព និងប្រសិទ្ធិភាព ក្នុងការដឹកនាំបញ្ជារ សម្រេចបានជោគជ័យនៅលើគ្រប់សមូរភូមិ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ក្រើនរំលឹក ដាស់តឿន ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងវគ្គហ្វឹកហ្វឹននេះទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាឱ្យបានម៉ឺងម៉ាត់បំផុត ត្រូវមានសីលធម៌ សុជីវធម៌ក្នុងការរស់នៅ និងចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ត្រូវស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោត ត្រូវចូលរួមថែរក្សាសុខសន្តិភាព ត្រូវចេះសាមគ្គីភាពរវាងសិក្ខាកាម និងសិក្ខាកាម រវាងសិក្ខាកាម និងគ្រូយោធាចារ្យឲ្យបានល្អប្រសើរ ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ចាត់ទុកការហ្វឹកហ្វឺនកងទ័ព គឺជាវិស័យអាទិភាពមួយ នៃការកែទម្រង់ របស់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាព ដើម្បីការពារបូរណភាពទឹកដី ការពារសន្តិភាព ការពាររាជរដ្ឋាភិបាល ស្របច្បាប់ ការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការផ្ដល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិនដែលមានវ័យក្មេង ដែលជាប្រភពបន្តវេនជំនាន់ក្រោយ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ពញ្ញាក់ស្មារតីដល់យោធិនទាំងអស់ ត្រូវរក្សាភាពស្មោះត្រង់ដាច់ខាតជាមួយជាតិ សាសនា ព្រះមហាក្សត្រ គោរពអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរដ្ឋធម្មនុញ្ញ ច្បាប់លក្ខន្តិកៈយោធា ច្បាប់រដ្ឋផ្សេងៗ និងបទបញ្ជារបស់រាជរដ្ឋាភិបាល អគ្គមេបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៤ ដែលបានដាក់ចុះឲ្យអនុវត្ត។
ស្របពេលជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់កងទ័ព និងគ្រួសារកងទ័ពទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមអត្តសញ្ញាណបណ្ណសម្គាល់ខ្លួន និងឯកសារពាក់ព័ន្ធ ដែលអាចបម្រើឱ្យការងារបោះឆ្នោតបាន សូមអញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ កុំបីខាន៕ដោយ៖ឡុង សំបូរ