សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ធំ បន្តជួបសំណេះសំណាលជាមួយមេក្រុមបក្ស និងប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

0

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង រួមជាមួយក្រុមការងារចុះជួយមូលដ្ឋានឃុំភូមិ និងគណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ បានទៅសំណេះសំណាលជាមួយប្រធានក្រុមបក្ស និងប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីណែនាំអំពីតួនាទីភារកិច្ចរបស់ប្រធានក្រុមបក្ស និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតបានការ ដើម្បីបោះជូនគណបក្សប្រជាជនកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរំដោះអាយុជីវិតប្រជាជនកម្ពុជានៅទូទាំងប្រទេស ឲ្យរួចផុតពីសេចក្តីស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ធ្វើឲ្យប្រទេសជាតិយើង មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។

ឯកឧត្តម សោម ស៊ុន បានណែនាំដល់ប្រធានក្រុមបក្សទាំងអស់ ត្រូវគ្រប់គ្រងសមាជិកបក្ស ត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ជាក់អត្តសញ្ញាណឲ្យបានត្រឹមត្រូវ ហើយត្រូវដឹកនាំសមាជិកបក្សក្នុងក្រុមនីមួយៗអញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ។ ជាមួយនោះផងដែរឯកឧត្តម សោម ស៊ុន ក៏បានផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មានលេខ០០៥ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយផ្តោតលើមាត្រាទ១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រដែលបានចែងថា៖ ត្រូវផាកពិន័យជាប្រាក់ចំនួន៥.០០០.០០០រៀលទៅ២០ .០០០.០០០រៀល ដោយ គ.ជ.ប ដោយពុំគិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលធ្វើសកម្មភាពគ្រប់មធ្យោបាយទុច្ចរិត ណែនាំឬញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញឬធ្វើឲ្យខូចសន្លឹកឆ្នោត ។

បន្ទាប់មកឯកឧត្តម សោម ស៊ុន បានបន្តទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមខ្នងផ្ទះនីមួយៗ ណែនាំអំពីរបៀបគូសសន្លឹកឆ្នោតបានការ និងបានអញ្ជើញសមាជិកគណបក្ស និងប្រជាពលរដ្ឋទាំងអស់ មេត្តាអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាកុំបីខានឡើយ ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនាំមកនូវសន្តិភាព ព្រមទាំងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្តទៅទៀត ៕