កងទ័ពនៅខេត្តកំពង់ធំយោធភូមិភាគទី៤ ១០០ភាគរយ និងក្រុមគ្រួសារ បានទៅបោះឆ្នោតជូនគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពិសេសសភាពការណ៍សន្តិសុខសុវត្ថិភាពមុនពេលបោះឆ្នោត ក្នុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត ដែលមានសភាពការណ៍ល្អប្រសើរ ។ ប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងខេត្តកំពង់ធំ សប្បាយរីករាយ និងបានអញ្ជើញទៅបោះឆ្នោតគ្រប់ៗគ្នាប្រកបដោយមោទនភាព ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះកងកម្លាំងអន្តរាគមន៍របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកងកម្លាំងទាំងអស់នៅគ្រប់បណ្ដាកងឯកភាព ដែលបានសហការល្អក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាព ជូនគណបក្សនយោបាយនានា និងប្រជាពលរដ្ឋ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ ទទួលបានជោគជ័យគួរជាទីមោទនៈ ដែលមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅខេត្តកំពង់ធំ បានអញ្ជើញទៅចូលរួមបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតទាំង ១.១៥២ការិយាល័យ នៅទូទាំងខេត្ត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតផងដែរ ចំពោះយោធិនគ្រប់រូប និងក្រុមគ្រួសារ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយបានអញ្ជើញទៅបោះឆ្នោតបានគ្រប់ៗគ្នា ព្រមទាំងបានបោះឆ្នោតជូនគណបក្ស ដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យមានការអភិវឌ្ឍរីកចម្រើនរុងរឿងតទៅអនាគត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ និងមេបញ្ជាការរង ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តដាច់ខាតការពារឲ្យបាននូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដើម្បីប្រទេសជាតិយើងមានសុខសន្តិភាព និងមានការអភិវឌ្ឍ៕