សមត្ថកិច្ចខេត្តព្រះវិហារ ឃាត់ខ្លួនក្រុមក្មេងទំនើងជាង ១០នាក់ យកមកណែនាំ ដាក់វិន័យ និងបានប្រគល់ទៅឲ្យឪពុកម្តាយវិញ ដើម្បីនាំយកទៅអប់រំបន្ថែមនៅឯលំនៅដ្ឋាន

0

ខេត្តព្រះវិហារ៖ ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក គង់ គា បានចុះឃាត់ខ្លួនក្រុមក្មេងទំនើង ១៣នាក់ ដែលបានប្រមូលផ្តុំគ្នាជិះម៉ូតូបង្ហោះពេញដងផ្លូវ បង្កអសន្តិសុខ និងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ យកមកកាត់សក់ ណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់គ្រប់សកម្មភាពល្មើសច្បាប់ និងបានប្រគល់ទៅឲ្យឪពុកម្តាយ យកទៅលំនៅដ្ឋានវិញ ធ្វើការអប់រំបន្ថែម ដើម្បីក្លាយខ្លួនជាមនុស្សល្អនៅក្នុងសង្គម។

ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តព្រះវិហារ លោកវរសេនីយ៍ឯក គង់ គា បានប្រាប់ឲ្យដឹងថា ក្រោយទទួលបានបទបញ្ជាយ៉ាងម៉ឹងម៉ាត់ពី ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា រួចមក លោកបានដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត ដោយសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ រួមជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ​ កាលពីថ្ងៃទី២៣កក្កដាកន្លងទៅនេះ (ថ្ងៃបោះឆ្នោត) បានចុះឃាត់ខ្លួនក្រុមក្មេងទំនើង ១៣នាក់ ក្នុងចំណោម ១៥នាក់ ដែលបានប្រមូលផ្តុំបង្ហោះម៉ូតូប្រដេញគ្នា នៅតាមបណ្តោយផ្លូវជាតិលេខ៦៩ និងផ្លូវជាតិលេខ៦២ ចាប់ពីស្រុកត្បែងមានជ័យ ចូលក្រុងព្រះវិហារ និងបានប្រដេញគ្នា រហូតដល់ស្រុកគូលែន យកមកធ្វើការសាកសួរ។

លោកវរសេនីយ៍ឯក គង់ គា បានបញ្ជាក់ថា ក្រោយការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង ១៣នាក់ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិស្រាលខេត្ត ក្រោមបញ្ជាលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានធ្វើការដាក់វិន័យដល់ក្រុមក្មេងទាំងនេះ ដោយកាត់សក់ខ្លី ឲ្យសុំទោសឪពុកម្តាយ ​និងបានឲ្យសែងម៉ូតូធ្វើត្រាប់តាមការបង្ហោះ រួមជាមួយនឹងការស្រែកឮៗថា «ខ្ញុំឈប់បង្ហោះម៉ូតូទៀតហើយ» ទុកជាការព្រមានដល់ក្រុមក្មេងទាំងនេះ និងក្មេងៗឯទៀត ហើយបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់រាល់ទង្វើដែលសង្គមស្អប់ខ្ពើម និងបានហៅឪពុកម្តាយ ក៏ដូចអាណាព្យាបាល មកនាំយកកូនទៅលំនៅដ្ឋានវិញ ដើម្បីថ្វើការអប់រំបន្ថែមទៀត។

លោកវរសេនីយ៍ឯក គង់ គា បានបញ្ជាក់ទៀតថា ការឃាត់ខ្លួនក្រុមក្មេងទាំង ១៣នាក់នៅលើកដំបូងនេះ កម្លាំងនគរបាលជំនាញ បានធ្វើការអប់រំ ណែនាំ និងទុកឱកាសឲ្យពួកគេធ្វើការកែខ្លួនឡើងវិញ ប៉ុន្តែ ប្រសិនបើមានលើកក្រោយទៀត នោះនឹងមិនអនុគ្រោះឲ្យទៀតទេ ហើយកម្លាំងជំនាញនឹងអនុវត្តតាមច្បាប់ ដោយគ្មានលើកលែង និងយោគយល់ទៀតឡើយ៕ដោយ៖ឡុង សំបូរ