(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងឯកឧត្តម ប្លង ពុទ្ធកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត អមដំណើរដោយឯកឧត្តម នូ ចាន់ដេត សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនប្រជាការពារចំនួន៤២នាក់ មកពីភូមិចំនួន០៤គឺភូមិក្តីដូង ភូមិសស្លែង ភូមិអូរសំបួរ និង
ភូមិពាមគ្រែង ស្ថិតនៅឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។
លោកវីរៈសេនីយ៍ទោ កែ កញ្ចនា អធិការស្រុកកំពង់ស្វាយ បានលើកឡើងពីការខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់ចូលរួមការពារសន្តិសុខនៅតាមភូមិវត្តអារាម និងកម្មវិធីផ្សេងៗរបស់បងប្អូនប្រជាការពារ បានបម្រើជូនបងប្អូនប្រជាពលរដ្ឋឱ្យមានសុវត្ថិភាពក្នុងការរស់នៅ និងទ្រព្យសម្បត្តិរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាការពារលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានកោតសរសើរដល់កម្លាំងប៉ុស្តិ៍នគរបាលឃុំក្តីដូង និងប្រជាការពារទាំងអស់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តនិងពេលវេលាចូលរួមការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋមុនបោះឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយពេលបោះឆ្នោតមានដំណើរការដោយរលូន។ ជាពិសេសកម្លាំងប្រជាការពារទាំងអស់បានសាមគ្គីគ្នា យោគយល់គ្នាទៅវិញទៅមក ចូលរួមរក្សាសន្តិសុខសណ្ដាប់ធ្នាប់បម្រើការនៅពេលមានកម្មវិធីផ្សេងៗក្នុងសហគមន៍ ឱ្យមានដំណើរការពុំមានរឿងអ្វីកើតឡើងនោះឡើយ។
លោកជំទាវ លំ គន្ធារី បានផ្ដាំផ្ញើដល់បងប្អូនប្រជាការពារទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់ អនុវត្តការងាររបស់ខ្លួនបន្តទៀត ឱ្យមានភាពស្មោះត្រង់ និងជឿជាក់លើខ្លួនឯង ដើម្បីការពារសុខសន្តិភាពជូនប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចប្រទេសជាតិឱ្យមានភាពរីកចម្រើនបន្តទៅមុខទៀត។
គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនប្រជាការពារនៅឃុំក្តីដូងចំនួន២៤នាក់ក្នុង១នាក់ទទួលបាននូវទឹកក្រូច០៤កំប៉ុង និងថវិកាមួយចំនួនទៀតផងដែរ។




































