ប្រគល់អដ្ឋិធាតុយុទ្ធជនវៀតណាម ដែលពលីចំនួន១២២បន្ថែមទៀត

0

ស្វាយរៀង៖ ប្រទេសកម្ពុជាបានប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដំណាក់កាល ទី២២ ចំនួន១២២អដ្ឋិធាតុ ដែលបានពលីជីវិត នាគ្រប់សម័យសង្រ្គាមនៅកម្ពុជា។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ ចំណុចច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ៍-ប៊ិញហៀបព្រំដែនកម្ពុជា-វៀតណាម និងយកអដ្ឋិធាតុជនពលី ទៅបញ្ចុះនៅបូជនីយស្ថានអន្តរ ស្រុកវិញហុឹង–តឹនហុឹង (ខេត្តឡុងអាន)។
ការប្រគល់អដ្ឋិធាតុនេះ មានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង, អភិបាលរងខេត្តប៉ៃលិន បាត់ដំបង ព្រមទាំងគណៈប្រតិភូនៃខេត្តទាំងបី និងក្រុមការងារ K73 និងលោក ង្វៀន វ៉ាន់ឌឿក លេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តឡុងអាន និងលោក ង្វៀន វ៉ាន់អ៊ុក ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន។
សូមបញ្ជាក់ថា ការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពវៀតណាម ដែលបានពលីអាយុជីវិតក្នុងសម័យសង្គ្រាមនៅ ដំណាក់កាលទី២២នេះ គឺអនុវត្តន៍តាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម និងរវាងខេត្តប៉ៃលិន បាត់ដំបង ស្វាយរៀង ជាមួយខេត្តឡុងអាន ដោយមានផែនការរុករកអដ្ឋិធាតុបានចំនួន១២២អដ្ឋិធាតុ។

ចំពោះការចូលរួមស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពវៀតណាមនេះ គឺជាការងារមនុស្សធម៌ដ៏ល្អផង និងជាការបង្ហាញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាផង ពីព្រោះការពលីអាយុជីវិតរបស់កងទ័ពវៀតណាមលើទឹកដីកម្ពុជា គឺជាការរួមចំណែកក្នុងរំដោះប្រទេសកម្ពុជា ឲ្យមានសន្តិភាព រហូតមកដល់ពេលបច្ចុប្បន្ននេះ។

នៅក្នុងឱកាសនោះ ភាគីវៀតណាម ក៏បានស្នើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធព្រមទាំងប្រជាពលរដ្ឋកម្ពុជា សូមបន្តសហប្រតិបត្តិការ និងបង្កលក្ខណៈងាយស្រួលដល់ដំណើរការ ស្វែងរុករកអដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីជីវិតនៅទឹកដីកម្ពុជា ដែលនៅសេសសល់បន្តទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញផងដែរ៕គឹមសេង