សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកគ្រឿងឧបភោគ និងថវិកាទៅប្រគល់ជូនដល់ស្ត្រីដែលសម្រាលកូននៅក្នុងវត្តស្លែង

0

(កំពង់ធំ)÷ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត ជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ព្រមទាំងរដ្ឋបាលឃុំក្តីដូង បាននាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ទៅប្រគល់ជូនដល់ស្ត្រីសម្រាលកូន នៅក្នុងវត្តស្លែង ឃុំក្ដីដូង ដែលមានជីវភាពខ្វះខាត មានទីលំនៅភូមិស្វាយកាល ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ជាអនុប្រធានគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ថាដោយមានការយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចទាំងពីរតែងតែយកចិត្តទុកដាក់ដល់គ្រួសារដែលជួលការលំបាក ជនពិការ ស្ត្រីងាយរងគ្រោះ និងកុមារកំព្រា ដោយមិនទុកឱ្យបងប្អូនណាមួយអត់ស្បៀងនោះឡើយ។

លោកជំទាវ លំ គន្ធារី បានចូលរួមនិងលើកទឹកចិត្តដល់ស្ត្រីដែលសម្រាលកូនប្រកបដោយសុវត្ថិភាព ពុំមានគ្រូពេទ្យណាមកជួយសម្រាលនោះទេ ទោះជាយ៉ាងណាក៏ដោយ តម្រូវការចាំបាច់របស់ស្ត្រីដែលងាយរងគ្រោះ គឺគិតគូរទៅលើចំណីអាហារ សំលៀកបំពាក់ និងថវិកាសម្រាប់ទិញសម្ភារៈឱ្យកូនតូចឱ្យមានគ្រប់គ្រាន់ក្នុងការទប់ស្កាត់ពីជំងឺផ្សេងៗ។

គួរបញ្ជាក់ផងដែរថា អំណោយដែលផ្ដល់ជូនដល់ស្ត្រីដែលសម្រាលកូនរួមមាន÷ អង្ករ៣០គីឡូក្រាម មី០១កេស ត្រីខ០២យួរ ទឹកត្រី០១យួរ ទឹកស៊ីអីវ០១យួរ ទឹកសុទ្ធ០១កេស មុង០១ ភួយ០១ ក្រមាពោះគោ០១ សារុង០១ សម្ភារៈទារកមួយឈុត និងថវិកា ២៨០.០០០រៀល។ ជាមួយគ្នានេះផងដែរ ក្រុមការងារបាននាំយកទេយ្យទាន និងថវិកា១០០.០០០រៀល របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រគេនព្រះសង្ឃមុនចូលព្រះវស្សានៅវត្តស្លែង ។