អភិបាលខេត្តកំពង់ចាម ណែនាំ មន្ត្រី ឱ្យ បន្តយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន ក្នុងអំឡុងពេលអន្តការនៃការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៧

0

កំពង់ចាម : អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំ ដល់គណៈបញ្ជាការឯកភាព រដ្ឋបាល ក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន ក្នុងអំឡុងពេលអន្តការនៃការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយត្រូវទប់ស្កាត់ការជ្រៀតចូលពីសំណាក់ក្រុមជ្រុលនិយម ពិសេសត្រូវរក្សាបាននូវស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អ ។ ការ ថ្លែង បែប នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពង់ចាម ប្រចាំឆមាសទី១ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ។

ក្នុង កិច្ច ប្រជុំ នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា ប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ ឱ្យ បន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់បទល្មើសគ្រប់រូបភាព ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ និងបទល្មើសផ្សេងៗទៀត ជាពិសេស ត្រូវ អនុវត្តផែនការយុទ្ធនាការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ផងដែរ ។

ឯកឧត្ដមអភិបាលខេត្ត បានបន្ត ថា បញ្ហាល្បែងស៊ីសងជាដើមចមបង្ក ឱ្យ មានអសន្តិសុខនៅក្នុងមូលដ្ឋាន និងសង្គម ហេតុនេះត្រូវរួមគ្នាដើម្បីបង្ក្រាប ហើយត្រូវប្តេជ្ញាធ្វើយ៉ាងណា ឱ្យ ល្បែងស៊ីសងមានការថមថយនឹងឈានទៅដល់លុប បំបាត់ទាំងស្រុងនៅមូលដ្ឋាន ដើម្បីជំរុញ និងលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សំដៅលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា នៅតាមមូលដ្ឋាន ពិសេស ការជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាននានាទូទាំងខេត្ត ។

ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំ ដល់គណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តយកចិត្តទុកដាក់ លើកត្តាបម្រែបម្រួល អាកាសធាតុ ពិសេសនៅក្នុងរដូវវស្សានេះ ចំពោះកត្តាគ្រោះមហន្តរាយដែលអាចកើតមានជាយថាហេតុ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន សំដៅធ្វើយ៉ាងណា ចុះដោះស្រាយបន្ទាន់ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលរងគ្រោះ នោះ ៕