សមត្ថកិច្ចខេត្តក្រចេះ ឡោមព័ទ្ធនិងឆែកឆេរស្ថានីយ៍ប្រេងឥន្ទនៈមួយកន្លែង រឹបអូសឈើប្រណិតបានរាប់សិបកំណាត់

0

ខេត្តក្រចេះ៖ សមត្ថកិច្ចចម្រុះខេត្តក្រចេះ ដែលដឹកនាំសម្របសម្រួលដោយ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ លោក រ៉ា ប៉ូរ៉ាន់ឌី នៅក្នុងប្រតិបត្តិការតាមរករថយន្ត ២គ្រឿង ដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែង ចូលមកក្រុងក្រចេះ ហើយបានបើកកៀររថយន្តមន្ត្រីយោធាម្នាក់ ធ្លាក់ពីលើទ្រូងផ្លូវរមៀលចូលទៅក្នុងទឹក បណ្តាលមន្ត្រីយោធារូបនោះឲ្យរងរបួសធ្ងន់ និងរថយន្តរងការខូចខាតយ៉ាងដំណំ។

ដោយឡែក រថយន្តដឹកឈើទាំង ២គ្រឿង ត្រូវគេដឹងថា បានបើកយកមកលាក់ និងទម្លាក់ឈើទុក នៅក្នុងស្ថានីយ៍ប្រេងឥន្ទនៈតេលាមួយកន្លែង មានយីហោ «មហាសែនសុខ» នាវេលាម៉ោងជាង ១២ រំលងអាធ្រាត្រ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការតាមរករថយន្តដឹកឈើបង្កហេតុទាំងពីរគ្រឿង ចេញពីខេត្តស្ទឹងត្រែង ដែលបានធ្វើឡើងនៅថ្ងៃទី២៧កក្កដា ម្សិលមិញនោះ សមត្ថកិច្ចចម្រុះខេត្តក្រចេះ ដែលដឹកនាំសម្របសម្រួលដោយ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ លោក រ៉ា ប៉ូរ៉ាន់ឌី បានឡោមព័ទ្ធ និងឆែកឆេរស្ថានីយ៍ប្រេងឥន្ទនៈមួយ មានយីហោ «មហាសែនសុខ» បានរកឃើញ និងរឹបអូសរថយន្តសាំយ៉ុង ២គ្រឿង និងឈើប្រណិតនាងនួន និងឈើប្រណិតជាច្រើនប្រភេទទៀត បានរាប់សិបដុំ និងសន្លឹក ដែលគេលាក់ទុកនៅក្នុងឃ្លាំងរបស់ ស្ថានីយ៍ប្រេងឥន្ទនៈ «មហាសែនសុខ» នៅក្នុងក្រុងក្រចេះ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា មន្ត្រីយោធាម្នាក់ដែលត្រូវរថយន្តសាំយ៉ុង ដឹកឈើរបស់ឈ្មួញពីរគ្រឿងខោកឲ្យធ្លាក់ទឹក ទាំងកណ្តាលអាធ្រាត្រនោះ បានរងរបួសធ្ងន់ និងត្រូវបានគេជួយដឹកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យបង្អែកខេត្តក្រចេះ រីឯរថយន្តត្រូវត្រាំនៅក្នុងទឹក ១យប់ទល់ភ្លឺ រងការខូចខាតយ៉ាងដំណំផងដែរ។

មូលហេតុដែលនាំឲ្យរថយន្តឈ្មួញឈើ ខោករថយន្តមន្ត្រីយោធាធ្លាក់ទឹកនោះ គឺមន្ត្រីយោធារូបនោះ បានឃើញរថយន្តសាំយ៉ុងទាំង ២គ្រឿងនោះ ធ្វើសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ ចេញពីខេត្តស្ទឹងត្រែង ចូលមកដែនដីខេត្តក្រចេះ។ ខណៈនោះ មន្ត្រីយោធារូបនោះ បានបើករថយន្តប្រដេញតាម តែត្រូវបានរថយន្តដឹកឈើ ខោកធ្លាក់ទឹកក្នុងពេលនោះតែម្តងទៅ។

បន្ទាប់មករថយន្តដឹកឈើទាំង ២គ្រឿង បានបើកគេចចូលមកលាក់ និងទម្លាក់ឈើទុកនៅក្នុងស្ថានីយ៍ប្រេងតេលា យីហោ«មហាសែនសុខ» និងនៅថ្ងៃទី២៧កក្កដា២០២៣ ទើបកម្លាំងសមត្ថកិច្ចចម្រុះខេត្តក្រចេះ ក្រោមការសម្របសម្រួលដោយ ស្ថាប័នអយ្យការខេត្តក្រចេះ ចូលឆែកឆេរ និងបានរកឃើញទាំងរថយន្ត និងឈើ ហើយបានធ្វើការរឹបអូស យកមករក្សាទុក នៅស្ថានីយ៍បណ្ដុះកូនឈើខ្សាម ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ឡុង សំបូរ