សមត្ថកិច្ចចម្រុះខេត្តក្រចេះ រឹបអូសឈើនៅក្នុងឃ្លាំងស្ថានីយ៍ប្រេងឥន្ទនៈតេលាមហាសែនសុខ បានជិត ១៦ម៉ែត្រគូបត្រីគុណ

0

ខេត្តក្រចេះ៖ ក្រោយការឡោមព័ទ្ធ និងឆែកឆេរឃ្លាំងស្តុកឈើរបស់ ស្ថានីយ៍ប្រេងឥន្ទនៈតេលាមួយ មានយីហោ «មហាសែនសុខ» របស់កម្លាំងសមត្ថកិច្ចចម្រុះខេត្ត ដែលដឹកនាំសម្របសម្រួលនៅក្នុងការបង្ក្រាបដោយ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ លោក រ៉ា ប៉ូរ៉ាន់ឌី កាលពីថ្ងៃទី២៧កក្កដា២០២៣ នោះមក នៅរយៈពេល ២ថ្ងៃមកនេះ សមត្ថកិច្ចចម្រុះខេត្តរឹបអូសបានឈើប្រណិត និងឈើអារលេខ១ ជិត៦០០ដុំ/សន្លឹក មានចំនួនជិត ១៦ម៉ែត្រគូបត្រីគុណ និងរថយន្តសាំងយ៉ុង ២គ្រឿង ជាមធ្យោបាយបម្រើឲ្យការដឹកជញ្ជូនឈើ ចេញពីខេត្តស្ទឹងត្រែង ចូលមកខេត្តក្រចេះ ផងដែរ។

ស្ថានីយ៍ប្រេងឥន្ទនៈតេលា មានយីហោ «មហាសែនសុខ» ដែលរងការបង្ក្រាប រឹបអូសឈើ និងរថយន្តសាំងយ៉ុង ២គ្រឿង ពីកម្លាំងសមត្ថកិច្ចចម្រុះនោះ មានទីតាំងនៅជិតស្ពានតេ ស្ថិតនៅក្នុងភូមិរកាកណ្តាល សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។

យោងរបាយការណ៍របស់រដ្ឋបាលព្រៃឈើខេត្តក្រចេះ បានសរសេរបង្ហាញអំពីលទ្ធផលក្រោយការបង្ក្រាបនោះ គឺសមត្ថកិច្ចជំនាញបានធ្វើការដកហូត រាប់ចំនួនដុំ/សន្លឹក និងវាស់វែង ឈើចាប់ដឹកជញ្ជូន និងឈើសន្និធិ(ស្តុកទុក)ដែលដកហូតបាន កាលពីថ្ងៃទី២៧កក្កដា២០២៣ កន្លងទៅនេះ មានវត្ថុតាងរថយន្តសាំងយ៉ុង ២គ្រឿង ឈើអារប្រណិត និងឈើអារលេខ១  សរុបចំនួន ៥៥៦ ដុំ/សន្លឹក ស្មើ ១៥,៩៨៣ម៉ែត្រគូបត្រីគុណ ក្នុងនោះមានប្រភេទឈើនាងនូន ៩៥ដុំ ស្មើ ៣,៤២៨ម៉ែត្រគូប ឈើអារលេខ ១ សុក្រម ១០៦ដុំ ស្មើ៧, ២៩៩ម៉ែត្រគូប ក្តារឈើលេខ១  ដួងចែម ២១០សន្លឹក ស្មើ ៣, ៧៥៩ ម៉ែត្រគូប និងឈើលេខ១ កកោះ ១៤៥ដុំ ស្មើ ១,៤៩៧ ម៉ែត្រគូប។

ក្រោយការបង្ក្រាប និងរឹបអូស វត្ថុតាងបទល្មើសត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនយកទៅរក្សាទុកបណ្តោះអាសន្ន នៅស្ថានីយបណ្តុះកូនឈើខ្សារ នៃផ្នែករដ្ឋបាលព្រៃឈើក្រចេះ ដើម្បីអនុវត្តនិតិវិធីច្បាប់។

គួររំលឹកថា កាលពីយប់រំលងអាធ្រាត្រថ្ងៃទី២៦កក្កដា ឈានចូលថ្ងៃទី២៧កក្កដា២០២៣ កន្លងទៅនេះ មានរថយន្តសាំងយ៉ុង ២គ្រឿង បានផ្ទុកគ្រឿងសង្ហារឹម លាយជាមួយឈើឆៅ ដឹកជញ្ជូនចេញពីខេត្តស្ទឹងត្រែង ចូលមកខេត្តក្រចេះ ក្នុងខណៈនោះ មានរថយន្តមន្ត្រីយោធាម្នាក់ បានប្រដេញតាមពីក្រោយ ហើយរថយន្តដឹកឈើនោះ បានខោករថយន្តមន្ត្រីយោធារមៀលធ្លាក់ពីលើទ្រូងផ្លូវ ចូលទៅក្នុងប្រឡាយទឹក បង្កការគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មន្ត្រីយោធារូបនោះ។

នៅក្នុងហេតុការណ៍នោះ ក្រោយការខោករថយន្តមន្ត្រីយោធា ក្រឡាប់ធ្លាក់ចូលទឹករួចហើយ រថយន្តដឹកឈើទាំងពីរគ្រឿងនោះ បានបើកចូលមកលាក់នៅក្នុងបរិវេណ ស្ថានីយ៍ប្រេងឥន្ទនៈតេលា មានយីហោ«មហាសែនសុខ» កម្លាំងសមត្ថកិច្ចបានសុំចូល ដើម្បីចាប់រថយន្តដឹកឈើនោះ តែម្ចាស់ស្ថានីយ៍ប្រេងមិនបានសហការជាមួយសមត្ថកិច្ច នៅយប់នោះទេ។

លុះមកដល់ព្រឹកថ្ងៃទី២៧កក្កដា២០២៣ សមត្ថកិច្ចចម្រុះខេត្តក្រចេះ ដែលដឹកនាំសម្របសម្រួលដោយ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ លោក រ៉ា ប៉ូរ៉ាន់ឌី ចូលទៅក្នុងស្ថានីយ៍ប្រេងនោះ ហើយបានរកឃើញរថយន្តដឹកឈើទាំងពីរគ្រឿង ដែលបានបង្កការគ្រោះថ្នាក់ដល់មន្ត្រីយោធាម្នាក់ នាយប់ថ្ងៃទី២៦កក្កដា២០២៣ និងបានឆែកឆេរឃ្លាំងផ្ទុកសម្ភារៈមួយ រកឃើញឈើប្រណិតនាងនួន​ ឈើអារលេខ ១ សុក្រម ឈើកកោះ និងឈើក្តាដួងចែម សរុប ៥៥៦ ដុំ/សន្លឹក ស្មើ ១៥,៩៨៣ម៉ែត្រគូបត្រីគុណ។

រហូតមកទល់នឹងពេលនេះ វត្ថុតាងបទល្មើសត្រូវបានដកហូត និងបញ្ជូនយកទៅរក្សាទុក ជាសម្បត្តិរដ្ឋនោះហើយ៕ដោយ៖ឡុង សំបូរ