កំពង់ឆ្នាំង៖ ជនសង្ស័យជាអ្នកប្រើប្រាស់និងចែកចាយថ្នាំញៀន២នាក់ត្រូវបានសមត្ថកិច្ចចំរុះសហការគ្នា ចាប់ខ្លួននិងដកហូតបានគ្រឿងញៀន២កញ្ចប់ធំ លុយ៧ម៉ឺនរៀល និម៉ូតូ១គ្រឿង។ ករណីបង្ក្រាបនេះបាន ធ្វើឡើងនៅវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០ ១៤ នៅចំណុចវត្តត្រពាំងស្នោរក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅពេលដែលជនសង្ស័យទាំង២នាក់ កំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀននិងទិញគ្រឿងញៀន។
លោកស្រី មាស សុមាលី នាយការិយាល័យនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាននិយាយថា៖ ជនសង្ស័យទាំង២នាក់នោះ ម្នាក់ឈ្មោះ ញឹក ងួនឡុង អាយុ ២៣ឆ្នាំភេទប្រុស មានទីលំនៅភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ជាអ្នកចែកចាយ និងម្នាក់ទៀត ឈ្មោះ ម៉ន គង់ អាយុ២៧ឆ្នាំ មានទីលំនៅភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ជាអ្នកប្រើប្រាស់ថ្នាំញៀន។លោក គឹម សារ៉េត នាយការិយាល័យកណ្តាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបានខេត្តជា អ្នកដឹកនាំសមត្ថិច្ចបង្ក្រាបករណីនេះបានអោយដឹងថា៖ ដោយមានការចូលរួមដឹកនាំរបស់លោក ឯក ស៊ុន រស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជានគរបាល
ស្រុករលាប្អៀរ និងដោយមានការសហការជាមួយប្រជាពលរដ្ឋល្អ សមត្ថកិច្ច បានតាមដានមុខសញ្ញា ចែកចាយថ្នាំញៀនខាងលើ និងបានចុះទៅពួនស្ទាក់នៅចំណុចវត្តត្រពាំងស្នោរ ហើយចាប់បានជនសង្ស័ យឈ្មោះ ញឹក ងួនឡុង ឆែករកឃើញស្រោមសំបុត្រមួយមានថ្នាំញៀនក្នុងនោះចំនួន២កញ្ចប់ធំដែលឈ្មួញគ្រឿងញៀនផ្ញើរតាមរថយន្តតាក់ស៊ីពីភ្នំពេញមកអោយឈ្មោះ ញឹក ងួនឡុង។
ក្រោយពេលកំពុងចាប់ និងដកទូរសព្ទ័ពីជនខាងលើនេះស្រាប់តែមាន ឈ្មោះ ម៉ន គង់ ទូរសព្ទ័មក សុំទិញថ្នាំចំនួន១កញ្ចប់ ពីជនសង្ស័យខាងលើនេះ ហើយទើបឈានដល់ការចាប់ខ្លួនអ្នកញៀនថ្នាំម្នាក់ នេះទៀតតែម្តង។វត្ថុតាងដែលបានដកហូតក្នុងការបង្ក្រាបករណីនេះមាន៖ថ្នាំញៀន២កញ្ចប់ធំ(ដែលគេអាចបំបែកបាន២០កញ្ចប់តូចយកទៅលក់ចែកចាយ)លុយ៧ម៉ឺនរៀល ទូរសព្ទ័៣គ្រឿង និងម៉ូតូហុងដាឌ្រីម សេរី០១៤មួយគ្រឿងពណ៌ខ្មៅអត់ស្លាកលេខ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យជាអ្នកចែកចាយថ្នាំញៀន ឈ្មោះ ញឹក ងួនឡុង បានសារភាពថា រូបគេបានទូរសព្ទ័សុំទិញគ្រឿងញៀនចំនួន២កញ្ចប់ពីអ្នកចែកចាយគ្រឿងញៀននៅ ក្រុងភ្នំពេញ ក្នុងតម្លៃ៣៥ម៉ឺនរៀល ហើយត្រូវបានគេរៀបចំដាក់ក្នុងស្រោមសំបុត្រមួយផ្ញើតាមរថយន្ត តាក់ស៊ីមកអោយខ្លួន។ ចំណែកឈ្មោះ គង់ ម៉ន បានសារភាពថា ខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះ ញឹក ងួនឡុងចំនួន២លើករួចមកហើយ ដោយក្នុង១កញ្ចប់ថ្លៃ៤ម៉ឺនរៀល យកមកប្រើប្រាស់ផ្ទាល់ខ្លួន។
នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤សមត្ថកិច្ចចំរុះបាននាំគ្នាហែកស្រោមសំបុត្រដាក់ថ្នាំញៀន ដោយពិនិត្យឃើញ មេចែកចាយគ្រឿងញៀនបានវេចខ្ចប់ថ្នាំញៀនបង្កប់ក្នុងក្រដាស់រាម ដោយចោះក្រ ដាស់រាមនៅចំកណ្តាលដាក់ថ្នាំញៀននៅចន្លោះកណ្តាលយ៉ាងម៉ត់ចត់មើលពីក្រៅមិនដឹងឡើយ។ជនសង្ស័យជាអ្នកចែកចាយនិងប្រើប្រើប្រាស់ថ្នាំញៀនទាំង២នាក់ត្រូវបាន មន្ត្រីនគរបាលការិយាល័យប្រឆាំង គ្រឿងញៀនខេត្តកសាងសំណុំរឿងបញ្ជូនខ្លួននិងវត្ថុតាងទៅតុលាការខេត្តចាត់ការបន្តតាមផ្លូវច្បាប់៕ .