(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ លោក សេង សំអាង អភិបាលរងប្រាសាទបល្ល័ង្ក និងលោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ លោក មាស យៅ ប្រធានក្រុមប្រឹក្សាឃុំផាន់ញើម និងសហការី ព្រមទាំងមន្រ្តីរាជការទាំងអស់ បានអញ្ជើញប្រគេនទៀនវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនជូនដល់
វត្តដែលមានការខ្វះខាតចំនួន២វត្ត ដែលមានទីតាំងនៅស្ថិតនៅឃុំសាលាវិស័យ និងឃុំផាន់ញើមស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនោះលោក សេង សំអាងអភិបាលរងស្រុកប្រាសាទបល្ល័ង្ក បានជម្រាបជូនថា បុណ្យចូលព្រះវស្សា គឺជាបុណ្យមួយដែលបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ប្រារព្វឡើងក្នុងគោលបំណងបង្ហាញពីការបំភ្លឺនៅបញ្ញាដល់ព្រះសង្ឃ ពិសេសគឺការរៀនសូត្ររបស់ព្រះសង្ឃនៅក្នុងវត្តអស់រយៈពេលបីខែពុំនិមន្តទៅណាបានឡើយ។ នៅពេលខាងមុខនេះព្រះសង្ឃនៅគ្រប់ទីវត្តអារាមទូទាំងប្រទេសគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាសដែលព្រះសង្ឃគង់ចាំព្រះវស្សា នៅក្នុងទីវត្តពេលនេះត្រូវបានថ្នាក់ដឹកនាំខេត្ត មន្ទីរស្ថាប័ន មន្ត្រី បាននាំយកមកវេរប្រគេនដល់ព្រះសង្ឃ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រ នូវគម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។
លោកអភិបាលរងស្រុកប្រាសាទបល្ល័ង្ក បានបញ្ជាក់បន្ថែមថា ពិធីបុណ្យនីមួយៗនៅតាមវត្តទាំងអស់ ត្រូវការចង្ហាន់ និងគ្រឿងឧបភោគបរិភោគដែលប្រគេនដល់ព្រះសង្ឃសម្រាប់ឆាន់ឱ្យបានគ្រប់គ្រាន់ ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណសចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ មិនតែប៉ុណ្ណោះបានធ្វើឱ្យខឿនសេដ្ឋកិច្ច រីកចម្រើនរឹងមាំ រាជរដ្ឋាភិបាលបានបើកទូលាយខាងជំនឿសាសនា និងបានធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋដោយគ្មានការបែងចែកពីជំនឿ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះលោក សេង សំអាង អភិបាលរងស្រុក បានស្នើដល់ព្រះចៅអធិការ និងព្រះសង្ឃគ្រប់អង្គ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងអស់គ្នាគោរពប្រតិបត្តិព្រះពុទ្ធសាសនា ព្រោះព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ សូមអំពាវនាវបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នាំគ្នាទៅចាក់វ៉ាក់សាំងដុសជំរុញ ឱ្យបានគ្រប់គ្នាដើម្បីការពារជំងឺកូវីដ-១៩ កុំឲ្យមានការរីករាលដាលដល់សហគមន៍របស់បងប្អូន។
សូមបញ្ជាក់ផងថា ក្នុងឱកាសនេះលោកអភិបាលរងស្រុក ក៏បាននាំយកនូវ ទៀនវស្សា គ្រឿងឧបភោគ និងបច្ច័យមួយចំនួនប្រគេនក្នុង១វត្តទទួលបាន÷ អង្ករ មី ទឹកសុទ្ធ ទឹកក្រូច និងសម្ភារៈមួយចំនួនទៀតផងដែរ៕





































