កំពង់ឆ្នាំង ៖បុរសជាព្រូរថយន្តម្នាក់បានស្លាប់កៀបជាប់ក្នុងកាប៊ីនរថយន្ត និងអ្នកបើកបរម្នាក់បានរងរបួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅពេលដែលរថយន្តដឹកបន្លែ បុកពីក្រោយរថយន្តដឹកជ្រូកដែលកំពុងឈប់ស្ងៀម។គ្រោះថ្នាក់នេះបានកើតឡើងវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៤ នៅលើផ្លូវជាតិលេខ៥ ចំណុចស្ពានបឹងពោធិ៍ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានអោយដឹងថា៖ នៅមុនពេលកើតហេតុ មានរថយន្តដឹកជ្រូកមួយគ្រឿងម៉ាកហ្វុយហ្ស៊ូ ពាក់ស្លាកលេខភ្នំពេញ 3A-3664 បានឈប់ស្ងៀមនៅអែបស្តាំតាមបណ្តោយផ្លូវជាតិលេខ៥ ពេលនោះក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 3B-4815 ជារថយន្តដឹកបន្លែធ្វើដំណើរពីជើងទៅត្បូង បានបុករថយន្តដឹកជ្រូកពីក្រោយរថយន្តពេញទំហឹង ដោយសារចាំងភ្លើងហ្វារថយន្តក្រុងដែលធ្វើដំណើរមកពីមុខក្នុងទិសច្រាស់គ្នា។
នៅក្នុងគ្រោះថ្នាក់នេះ បណ្តាលអោយបុរសម្នាក់ជាព្រូរថយន្តដឹកបន្លែឈ្មោះ ហេង ឡេងវិរៈ ភេទប្រុស អាយុ៤១ឆ្នាំ បានស្លាប់ដោយកៀបជាប់រថយន្តក្នុងកាប៊ីនរថយន្ត ចំណែកអ្នកបើកបររថយន្តដឹកបន្លែឈ្មោះ ហេង ស៊ីធឿន ភេទប្រុស អាយុ៤៥ឆ្នាំបានរងរបូសធ្ងន់ដឹកមកសង្គ្រោះនៅន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ជនរងគ្រោះទាំងពីរនាក់ជាបងប្អូនបង្កើតនឹងគ្នា រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយពេលកើតហេតុរថយន្តដឹកជ្រូកបានបើកគេចទៅបាត់ តែត្រូវកម្លាំងសមត្ថកិច្ចដេញចាប់ បាននិងយករថយន្តត្រឡប់មកវិញ ហើយបាននាំយករថយន្តទាំង២គ្រឿង មករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត កសាងសំណុំរឿងនិងទុកធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕