ស្នាក់ការបរិស្ថាន តំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភសត្វតោ បានរងការដុតកម្ទេចពីមនុស្សមួយក្រុម នៅក្នុងខេត្តក្រចេះ

0

ខេត្តក្រចេះ៖ អណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោរសន្ធៅ បន្ទាប់ពីមានមនុស្សមួយក្រុម លើកគ្នាចោមរោមស្នាក់ការបរិស្ថាន «តំបន់ប្រើប្រាស់ច្រើនយ៉ាង សសរស្តម្ភសត្វតោ» យកភ្លើងទៅដុតកម្ទេចចោលឲ្យក្លាយជាផេះ នៅម៉ោងប្រមាណជា ៩ព្រឹក ថ្ងៃទី៥សីហា២០២៣នេះ ស្ថិតនៅក្នុងភូមិរលួសមានជ័យ ឃុំអូរក្រៀង ស្រុកអូរក្រៀងសែនជ័យ ខេត្តក្រចេះ។

នៅក្នុងហេតុការដុតកម្ទេចស្នាក់ការបរិស្ថាន «តំបន់ប្រើប្រាស់ច្រើនយ៉ាង សសរស្តម្ភសត្វតោ» នោះ ត្រូវគេឃើញ មានមនុស្សមួយក្រុមបានលើកគ្នាឡោមព័ទ្ធ ហាក់ដូចជាមានគំនំរឿងអ្វីម្យ៉ាង ជាមួយនឹងមន្ត្រីស្នាក់ការបរិស្ថានប្រចាំមូលដ្ឋាននោះ ផ្ទុះកំហឹងយកភ្លើងដុតកម្លេច រុញច្រានរបង និងក្លោងទ្វារស្នាក់ការបរិស្ថាន ស្ទើរដួលរាបដល់ដី។

ការប្រព្រឹត្តអំពើល្មើសច្បាប់នោះ គេនៅមិនទាន់ដឹងពីមូលហេតុពិត ជុំវិញការដុតកម្ទេចស្នាក់ការបរិស្ថាននោះ ហើយក៏មិនទាន់ដឹងពីការបាត់បង់ មធ្យោបាយ សម្ភារៈប្រើប្រាស់ និងឯកសារគតិយុត្តនានា ដែលពាក់ព័ន្ធនឹងការអនុវត្តច្បាប់នោះ នៅឡើយដែរ។

ទោះជាយ៉ាណាក៏ដោយ មតិមហាជនបានលើកឡើងថា ការប្រប្រឹព្រឹត្តរបស់មនុស្សមួយក្រុមនោះ គឺជាអំពើល្មើសនឹងច្បាប់រដ្ឋ ដូច្នេះ អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះ គួរបើកការស្រាវជ្រាវរកពីមូលហេតុពិត ដើម្បីឈានទៅចាប់ខ្លួនក្រុមជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់៕ ដោយ៖ឡុង សំបូរ