ឯកឧត្តម ចៅ ភិរុណ ជំរុញដល់មន្ត្រីមូលដ្ឋានបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពនិងពន្លឿនការផ្តល់សេវាបំរើជូនដល់ពលរដ្ឋអោយបានទាន់ពេលវេលា

0

ខេត្តស្វាយរៀង៖ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្វាយជ្រំ ខេត្តស្វាយរៀងឯកឧត្តម ចៅ ភិរុណ បានជំរុញដល់មន្ត្រីដែលមានតួនាទីពាក់ពន្ធ័នៅតាមមូលដ្ឋាន រួមនិង មន្ត្រីជាមេឃុំ ប៉ុស្តិរដ្ឋបាល ត្រូវបង្កើនដឹកនាំអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្តិភាពបន្ថែម ដើម្បីរក្សាភាពសុខសាន្តជូនពលរដ្ឋ និងអ្នកវិនិយោគដែលចូលមករកស៊ីបង្កើនទីផ្សារការងារនៅក្នុងតំបន់ ពិសេស ធ្វើការផ្តល់សេវាបម្រើ សេវាតម្រូវការជូនពលរដ្ឋអោយបានទាន់ពេលវេលា តម្លាភាព និងបញ្ជៀសការទារយកសេវាណាដែលអន្តរក្រសួងបានធ្វើការហាមឃាត់ ។
ឯកឧត្តមមានប្រសាសន៍លើកឡើងបែបនេះក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងសភាតំណាងរាស្ត្រនីតិកាលទី៧នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្វាយជ្រំកាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ។
ឯកឧត្តមបានបញ្ជាក់ថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៣ គណបក្សប្រជាជនកម្ពុជាដណ្តើមបាន១២០លើ១២៥អសន:នៅទូទាំងប្រទេស ដោយឡែកសម្រាប់មណ្ឌលខេត្តស្វាយរៀងពលរដ្ឋបានបោះឆ្នោតគាំទ្រមកលើគណបក្សប្រជាជនកម្ពុជាដោយទទួលបានសំឡេងគាំទ្រ៥លើ៥អសនៈសម្រាប់តំណាងរាស្ត្រមណ្ឌលស្វាយរៀង ក៏ពិតមែនតែមន្ត្រីនៅផ្នែកពាក់ព័ន្ធនិងមូលដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់គិតគូបម្រើពលរដ្ឋបន្ថែមតាមរយៈប្រើប្រាស់ឥរិយាបទ ទន់ភ្លន់រាក់ទាក់និងចុះសិក្សាផ្ទាល់ដល់មូលដ្ឋានដែលពលរដ្ឋមានតម្រូវការឲ្យរដ្ឋបាលថ្នាក់មូលដ្ឋានឬថ្នាក់ជាតិអន្តរាគមន៍ជួយពួកគាត់។
ទន្ទឹមនិងនោះដែរ ឯកឧត្តម ចៅ ភិរុណ បានសម្ដែងនៅខាងកោតសរសើរចំពោះមន្ត្រីគ្រប់មូលដ្ឋានពិសេសក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកដែលកន្លងមកបានរួមចំណែកចលនា ពលរដ្ឋទៅបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាឈ្នះដោយទទួលបាន ៥ លើ៥អាសនៈ ផ្ដល់ឱកាសជូនគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំរាជរដ្ឋាភិបាលនៅនីតិកាលទី៧បន្តទៀតក្នុងការអភិវឌ្ឃន៍អោយមានការរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធិចក្រនិងអាណាចក្រផងដែរ៕គឹមសេង