ខេត្តព្រះវិហារ៖ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ទៅឧបត្ថម្ភគ្រួសារកងទ័ព ២គ្រួសារ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។
អំណោយដែលគ្រួសារយោធិនទាំង ២គ្រួសារ ទទួលបាននៅពេលនោះ រួមមាន៖ ថវិកាចំនួន ៥លាន ៩សែន ៨ម៉ឺនរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់គ្រួសារលោកវរ:សេនីយ៍ឯក សែប រ៉ាវី មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៧ និងគ្រួសារលោកវរ:សេននីយ៍ទោ ឈៀង ឈុនណា នាយសេនាធិការរងកងពលតូចអន្តរាគម៍៧ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ។
លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានផ្តាំផ្ញើដល់យោធិនទាំងពីរគ្រួសារ ឲ្យខិតខំថែទាំសុខភាពឲ្យបានល្អ ឆាប់ជាសះស្បើយពីរោគា ដើម្បីបានវិលត្រឡប់ទៅបំពេញភារកិច្ចនៅក្នុងអង្គភាពវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។
លោកវរ:សេនីយ៍ឯក សែប រ៉ាវី បានសម្តែងការអរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេស លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ដែលតែងបានយកចិត្តទុកដាក់ និងដោះស្រាយរាល់ទុក្ខលំបាក ការខ្វះខាត ចំពោះរូបលោក និងគ្រួសារយោធិនឯទៀត នាពេលកន្លងមក ក៏ដូចនៅក្នុងពេលនេះ។ លោកថា នៅពេលណាគ្រួសារយោធិនមានទុក្ខលំបាក និងការឈឺថ្កាត់ផ្សេងៗ តែងមានលោកឧត្តមសេនីយ៍មេបញ្ជាការ យកចិត្តទុកដាក់ និងជួយដល់យោធិន និងគ្រួសារជានិច្ច៕ដោយ៖ឡុង សំបូរ